ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់ស្ថាបត្យករ វិស្វករ មេការ និងកម្មករសំណង់ ចំនួន២២១នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់ស្ថាបត្យករ វិស្វករ  មេការ និងកម្មករសំណង់ ចំនួន២២១នាក់ ដែលកំពុងធ្វើការជួសជុលប្រាសាទចន្ទច្ឆាយា ប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យ ធ្វើរបងសួនច្បារនៅព្រះរាជដំណាក់ខេត្តសៀមរាប និងកម្មករជួសជុលថែទាំជាប្រចាំ ក្នុងព្រះបរមរាជវាំង។

ព្រះរាជអំណោយដ៏ឧដុង្គឧត្តមនេះត្រូវបានប្រគល់ជូនដោយ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតដោយម្នាក់ៗទទួលបាន សារុង១ ក្រមាពោះគោ១ អាវយឺតបើកកមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាមួយនិងថវិកាចំនួន ២០០,០០០រៀល។

សូមជម្រាបជូនថា, ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីជីវភាព និងសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ជាពិសេសប្រជានុរាស្រ្តចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាកជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គចំនួន ៤៦៥នាក់ ស្ថិតនៅក្នុងឃុំចំនួន៥នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង  ក្នុងឱកាសទិវាមនុស្សចាស់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូ ឃីត ១កញ្ចប់(មុខ ១ ភួយ១ ក្រមា១ សារុង១) ម៉ាស ១០បន្ទះ មី ២កេស ត្រីខកំប៉ុង ១យួរ អាវយឺត និងអាវរងា មានស្លាកព្រះរាជអំណោយចំនួន ១ និងថរិកា ២០មុឺនរៀល និងគ្រូពេទ្យ ៥នាក់ ក្នុងម្នាក់ៗ ថរិកា ១០មុឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖