ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងកងអន្តរាគមន៍ខណ្ឌបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ធ្វេីការល្បាតក្នុងភូមិសាស្ត្រក៏ប្រទះឃេីញជនសង្ស័យ២នាក់កំពុងជិះម៉ូតូឌុបគ្នាដោយមានការសង្ស័យក៏ហៅឱ្យឈប់ដើម្បីធ្វេីការឆែកឆេរ ហើយរកឃេីញនូវសារធាតុញៀនចំនួន០៣កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង៣៖០០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ នៅ ហ៊ាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅនៅហាងតូប៉េះ ស្នាក់នៅផ្ទះជួល ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) និងទី២-ឈ្មោះ ពេជ្រ សុវណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចរឹបអូសបានមានម្សៅក្រាមពណ៌សថ្លាចំនួន០៣ថង់តូច, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FV-6692, ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាកOPPO F7 ពណ៌ក្រហមចំនួន០១គ្រឿង និងម៉ាកម៉ូតូរ៉ូឡាស៊េរីចាស់ ពណ៌ក្រហមចំនួន០១គ្រឿង)។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ