ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់រឹតបន្តឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋសំរុកចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ។
ក្នុងសន្និសិទសារព័ត៌មាននារសៀលថ្ងៃទី០៤តុលា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំ ពេញដែលចូលរួមដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
លោកសាំ ពិសិដ្ឋ បានលើកឡើងថា៖ពីថ្ងៃទី៥ដល់ថ្ងៃទី៧តុលានៃថ្ងៃឈប់សំរាកសំរាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋនឹងសំរុកចាកចេញពីរាជធានីភ្នំពេញចេញទៅស្រុក កំណើតមានការកើនឡើងខុសពីធម្មតា ។ដូច្នេះបង្កឲ្យ មានការកើននូវគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបង្កឱ្យមានការឆ្លងរាល ដាលនៃជំងឺ កូវីដ-១៩រវាងភ្នំពេញនិងបណ្តាខេត្តក្រុងដទៃទៀត។ជាមួយគ្នានេះ អ្នកបើកបរទាំងឡាយទាំងម៉ូតូ និងរថយន្តត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដោយមិនត្រូវដឹកអ្នកដំណើរ ឬសម្ភារ ទំនិញផ្សេងៗលើសទំងន់ សំពីងសំពោងជាដើម។
លោកសាំ ពិសិដ្ឋ បានអំពាវនាវដល់អ្នកបើកបរទាំងអស់មិនត្រូវបើកបរវ៉ាជែងឬវ៉ាខាងស្តាំជាដើម។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានគូសបញ្ជាក់ថា៖គោលដៅសំខាន់គឺអ្នកបើកបរ និងអ្នកដំណើរត្រូវចេះការពារអាយុជីវិតពីគ្រោះថ្នាក់ចរាចរណ៍ផង និងចេះការពារខ្លួនពីជំងឺកូវីដ-១៩ផងដែរ។ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចយើងអនុវត្តយ៉ាងម៉ឺងម៉ាត់សំដៅធ្វើយ៉ាងណាការពារសុវត្ថិភាពសាធារណៈលើការត្រួតពិនិត្យរឹតបន្តឹងទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ជាដើម។លោកបានអំពាវនាវដល់ អ្នកបើកបរនិងអ្នកធ្វើដំណើរ ត្រូវគោរពវិធានសុខាភិបាល ៣កុំ ៣ការពារ ពាក់ ម៉ាស់ឲ្យបានគ្រប់គ្នា។ចំពោះអ្នកមិនគោរពតាមការណែនាំ ត្រូវទទួលការផាកពិន័យតាមច្បាប់៕
ដោយ ៖ សំរិត