ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ ថ្ងៃនេះមានប្រជុំអាស៊ាន៣ជាប់គ្នា តែស្អែកយើងនឹងបានសម្រាកបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ!

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃនេះមានប្រជុំអាស៊ាន៣ជាប់គ្នា តែស្អែកយើងនឹងបានសម្រាកបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ! នេះជាប្រសាសន៍ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបន្តថា, នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ ខ្ញុំបានវាយតម្លៃខ្ពស់លើការអនុវត្តផែនការសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងការខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ហើយក៏ទន្ទឹងរង់ចាំការសហការរវាងអាស៊ាន និងយូនីសេហ្វក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ ខ្ញុំបានសម្តែងនូវសុទិដ្ឋិនិយមចំពោះដំណើររួមគ្នាឆ្ពោះទៅរកការស្តារឡើងវិញរបស់យើង។ ស្របពេលជាមួយគ្នានោះ ខ្ញុំបានគូសបញ្ជាក់ថាការយកចិត្តទុកដាក់ខ្ពស់របស់អាស៊ានលើវិស័យសុខាភិបាល និងជំងឺរាតត្បាតផ្សេងៗ នឹងជួយយើងត្រៀមខ្លួនឱ្យបានល្អជាងនេះសម្រាប់ពេលអនាគត។

លោកគូសបញ្ជាក់ថា, រីឯនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានវិញ ខណៈពេលដែលយើងស្វះស្វែងរិះរកដំណោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ខ្ញុំបានឆ្លៀតឱកាសចែករំលែកបទពិសោធន៍ផ្ទាល់របស់កម្ពុជាខ្លះស្តីពីការផ្សះផ្សាជាតិ និងការកសាងសន្តិភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនាប្រកបដោយសន្តិវិធី និងការស្ថាបនា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖