ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ខ្ញុំមានកិត្តិយសសូមជំរាបជូនលោក យើងខ្ញុំមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មាន ដឺហ្គាឌីយែន(the Guardian) ដែលបានចុះផ្សាយព័ត៌មានមិនពិត កាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ ២០២១ «…មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែន អឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនស៊ីព្រ» ។
ខ្ញុំសូមជំរាបជូនលោកថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរបុរសខ្មែរមួយរូបដែលបានដឹកនាំ ការតស៊ូតាំងពីអាយុ១៨ ឆ្នាំ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការវាយឱ្យបរាជ័យពួកចក្រពត្តិ របបខ្មែរក្រហមប្រល័យពូជសាសន៍ តស៊ូលះបង់អាយុជីវិតដើម្បីបុព្វហេតុបង្រួបបង្រួមជាតិពិតប្រាកដ និង ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ ក្រោយថ្ងៃរំដោះប្រទេសជាតិឆ្នាំ១៩៧៩។
ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនលោក ជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបានផ្សា ភ្ជាប់អាយុជីវិតរបស់សម្តេច ជាមួយអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ។ ដូចនេះ ដាច់ខាតពុំមានភាពមន្ទិលសង្ស័យណាមួយចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិរបស់ សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន ដែលជាវីរបុរសជាតិរបស់យើងខ្ញុំ នោះទេ ហើយសម្តេច ក៏ពុំបាននឹកនា ឬ យល់សុបិនស្រមើល ស្រមៃ សុំសញ្ជាតិ ឬលិខិតឆ្លងដែនពីបរទេសណាមួយនោះឡើយ ពីព្រោះសម្តេចមានកិត្តិយស ភាពថ្លៃថ្នូរ និងមោទនភាព ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិមួយរូប។
អាស្រ័យដូចបានជំរាបជូនខាងលើ ខ្ញុំសូមស្នើលោក ជ្រាប និងផ្តល់កិច្ចសហការ ដើម្បីស្រាវជ្រាវរកការ ពិតឱ្យឃើញ ចំពោះការចោទប្រកាន់ដែលមានចេតនាអាក្រក់នេះ សំដៅផ្តល់ភាពយុត្តិធម៌ កិត្តិយស និង ភាពថ្លៃថ្នូរ ជូនដល់សម្តេចតេជោនាយករដ្ឋមន្ត្រី របស់យើងខ្ញុំ វិញ ហើយម៉្យាងវិញទៀត ដើម្បីឱ្យមតិ សាធារណៈជាតិ និងអន្តរជាតិបានយល់ច្បាស់អំពីការពិតនេះ។
ខ្ញុំសូមឆ្លៀតឱកាសនេះ សម្តែងនូវអំណរគុណចំពោះការយោគយល់ និងការយកចិត្តទុកដាក់របស់ លោក និងសង្ឃឹមទទួលបានការសហការដ៏ល្អប្រសើរពីលោក ក្នុងនាមប្រទេសយើងទាំងពីរ ជា ប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។
សូម លោក ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕
ដោយ៖ សិលា