ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ផ្សេងៗដើម្បីកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញអោយមានការសិក្សា រៀបចំសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់អោយថ្នាក់ដឹកនាំជាតិ ដែលកាន់ តួនាទីជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន សញ្ញាតិខ្មែរតែមួយគត់ ។
ការចង្អុលបង្ហាញ និងជំហរដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាជំហរស្នេហាជាតិ មាតុភូមិកម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ ការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិ ជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា និងជា ស្មារតីនៃការទទួលខុសត្រូវខ្ពស់នៃអ្នកដឹកនាំជាតិ ចំពោះវាសនាអនាគតរបស់ប្រជាជាតិព្រមទាំងប្រជាជនកម្ពុជា ។ អនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ខាងលើរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី គឺជាការធានាទាំងខាងផ្លូវច្បាប់ និងនយោបាយ អោយឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង ៤ របស់ជាតិ ដូច មានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងព័ត៌មាន សូមប្រកាសគាំទ្រ យ៉ាងឱឡារិកចំពោះអនុសាសន៍ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមយកឱកាសនេះ សម្តែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពដ៏មានតម្លៃអោយ បានស្ថិតស្ថេរគង់វង្សជានិរន្តរ៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ សុខ ខេមរា