ប្រទេសថៃ ៖ ឯកអគ្គរាជទូត មន្ត្រីការទូត និងបុគ្គលិកទាំងអស់នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំ ព្រះរាជាណាចក្រថៃឡង់ដ៍ សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយនឹងកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់។
គំនិតផ្តួចផ្តើមនេះបានសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីទឹកចិត្តស្នេហាជាតិមាតុភូមិដ៏មោះមុត និងស្មោះស្ម័គ្ររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការការពារសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ ដែល សម្តេចតេជោ បានប្តូរអាយុជីវិតដើម្បីដណ្ដើមយកមកជូនជាតិ និងប្រជាជន។
យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទកភាព និងទឹកចិត្តសោមនស្សក្រៃលែង ដែលមាន សម្ដេចតេជោ ជាមេដឹកនាំប្រកបដោយភាពឈ្លាសវៃ, គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ និងប្រជាជន។
យើងខ្ញុំទាំងអស់គ្នា សូមលើកដៃប្រណម្យបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក តាម ជួយបីបាច់ថែរក្សា សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សិលា