ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ថ្នាក់ដឹកនាំជាតិ​ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សេចក្តីថ្លែងការណ៍គាំទ របស់សហភាពសហព័ន្ធយុវជនកម្ពុជា !

ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពត្រឹមត្រូវ ស្តីពីការរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយចាប់កំណើតថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ បានយល់ យ៉ាងច្បាស់ និងចូលរួមដោយផ្ទាល់ក្នុងដំណើរវិវត្តន៍របស់ប្រទេសកម្ពុជាជាង៤ទសវត្សរ៍កន្លងមកនេះ ក្នុងនោះ ដំណាក់កាល ទុក្ខវេទនា ការព្រាត់ប្រាស និងពលិកម្មគ្រប់បែបយ៉ាងដែលបានកើតឡើងដោយសារសង្គ្រាម តាមរយៈការជះឥទ្ធិពល និងការដាក់សំពាធពីបរទេស ដែលបានបង្កអស្ថិរភាពសង្គមឥតស្រាកស្រាន្តទម្រាំដល់ ដំណាក់កាលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ដោយកើតចេញការខិតខំប្រឹងប្រែងរបស់ខ្មែរខ្លួនឯង នៅ ឆ្នាំ១៩៩៨។ មេរៀនប្រវត្តិសាស្ត្ររបស់កម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់ ក្នុងការធានាឲ្យបាននូវការមិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីបរទេស ការធានាអធិបតេយ្យជាតិ សុខសន្តិភាព ការការពារផលប្រយោជន៍ ជាតិ និងលើកតម្កើងវប្បធម៌ខ្មែរដើម្បីខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់។

លក្ខន្តិកៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចែងយ៉ាងច្បាស់អំពីបុព្វហេតុ និងបេសកកម្មរបស់ ខ្លួន ក្នុងការការពារ និងថែរក្សាអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព និងសុខ សុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិមាតុភូមិ ក្នុងន័យនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគំនិត ផ្តួចផ្តើមរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលទាក់ទងដល់ការ កំណត់សញ្ជាតិខ្មែរតែមួយចំពោះថ្នាក់ដឹកនាំជាតិ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការសម្រេចចិត្តប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីប្រយោជន៍ប្រជាជាតិ សង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជាតទៅអនាគតវែងឆ្ងាយ និងការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា៕

ដោយ៖សុខ ខេមរា


ចែករំលែក៖