ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីលង់ទឹកសមុទ្រ! ស្រង់មនុស្សបានចំនួន០៣នាក់ក្នុងនោះមាន០១នាក់សង្រ្គោះបាន និង០២នាក់បានស្លាប់បាត់បង់ជីវិត ហើយនៅសល់០២នាក់ទៀតនៅបាត់ខ្លួន នៅឡើយ!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើយោងតាមពីអង្គភាពមន្ទីរព័ត៌មានខេត្តព្រះសីហនុ សូមគោរពរាយការណ៍ជូន លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ជ្រាបដ៏ខ្ពង់ខ្ពស់ បានអោយដឹងថា, ព័ត៌មានបន្ថែមអំពីករណីប្រជាពលរដ្ឋ ករណីលង់ទឹកសមុទ្រនៅខេត្តព្រះសីហនុ “នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ គឺ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថាជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់ គិតត្រឹមម៉ោង១៨ និង៣០នាទីយប់ ក្រុមសង្រ្គោះ បានស្រង់មនុស្សបានចំនួន០៣នាក់ក្នុងនោះមាន០១នាក់សង្រ្គោះបាន និង០២នាក់បានស្លាប់បាត់បង់ជីវិត ហើយនៅសល់០២នាក់ទៀតនៅបាត់ខ្លួន នៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងការសោកស្តាយជាខ្លាំងចំពោះឧបទ្ទវហេតុដែលមិនគួរកើតមាននេះ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យក្រុមជួយសង្រ្គោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួនឱ្យបានឃើញ។
សូមជម្រាបជូនថា ប្រតិបត្តិការនៃការស្វែងរកជនគ្រោះមិនទាន់បញ្ចប់នៅឡើយទេ តាមរយៈការយកចិត្តទុកដាក់ពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ៕

ដោយ៖ សិលា


ចែករំលែក៖