ភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសជាង៥០ម៉ែត្របោកក្បាលស្លាប់ម្នាក់ របួសស្រាលម្នាក់ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវទំនប់៧០ ក្បែររង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សពជនរងគ្រោះមានឈ្មោះ លឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសស្រាលមានឈ្មោះ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ។
បេីតាមសម្ដីមិត្តភក្តិជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះខាងលេីបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ បានឌុបគ្នាចេញពីបឹងកក់ ក្នុងគោលបំណងទៅខណ្ឌជ្រោយចង្វា ដោយធ្វេីដំណេីរក្នុងល្បឿនលឿន រួមទាំងជនរងគ្រោះស្រវឹងស្រាផងនោះក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹងដួលអូសជាង៥០ម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកេីតហេតុ ជនរងគ្រោះដែលរបួសស្រាលបានសម្រេចចិត្តឡេីងរថយន្តសាមុយទៅមន្ទីរពេទ្យពិនិត្យខ្លួនប្រាណ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសាច់ញាតិឱ្យមកទទួលដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ។
រីឯម៉ូតូរបស់ជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ