ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមតែមួយយប់ មានពលករបម្រុងឆ្លងដែនខុសច្បាប់១៩នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន ១៩នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលឃាត់បានក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ 

លោកឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងទាំងអស់ ល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការល្អជាមួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ 

ជាក់ស្តែង យប់ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ទទួលទិសម៉ាឡៃ ដឹកនាំកម្លាំង ចំនួន ១៥នាក់ ល្បាតសហការជាមួយ នគរបាលវរសេនាតូចព្រំដែនលេខ៨១៥ ក៏ជួបពលករ ចំនួន ១៩នាក់ បម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងល្បាតសហការឃាត់ខ្លួនបានតែម្តង។ 

ក្រោយឃាត់ខ្លួនបាន ពលករទាំង ១៩នាក់ បានណែនាំ និងសាកសួរដើម្បីរកអោយឃើញនូវអ្នកនាំផ្លូវ និងបញ្ជួនពលករទាំងអស់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ស្រុកម៉ាឡៃ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

សូមបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ថវិកាជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារនិងសង្គមជាតិ៕

ដោយ៖ សូរិយា


ចែករំលែក៖