ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីលួចម៉ូតូរបស់ពលរដ្ឋដែលទុកនៅខាងមុខរោងបោកគក់របស់ជនរងគ្រោះ ។ ករណីលួចនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី ស្ថិតក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហ្វី ម៉ូសា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរបោកអ៊ុតខោអាវ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ហ៊ីម សានី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ វត្ថុតាងចាប់យកមាន ម៉ូតូម៉ាកហុងដា BEAT ពណ៌ ស-ខៀវ ពាក់ស្លាកលេខភ្នំពេញ1II-7713 ចំនួន០១គ្រឿងជារបស់ជនរងគ្រោះ។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្វើសកម្មភាពលួចមាន់នៅក្នុងមូលដ្ឋាន។នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកពីប្រមូលខោអាវពីម៉ូយតាមភូមិ ហើយបានទុកម៉ូតូនៅមុខរោងបោកអ៊ុតខោអាវរបស់ខ្លួន ដោយទុកកូនសោនៅជាប់នឹងម៉ូតូ ហើយជនរងគ្រោះក៏យកខោអាវដើរចូលទៅក្នុងរោងដាក់បោកអ៊ុត។ ក្នុងពេលនោះក៏ឃើញជនសង្ស័យដើរចូលមក បណ្ដើរម៉ូតូចេញពីមុខតូបរួចក៏បញ្ឆេះម៉ូតូជិះចេញទៅទិសខាងត្បូង។ ភ្លាមនោះជនរងគ្រោះក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ច ហើយសមត្ថកិច្ចយើងក៏បានចេញជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យភ្លាមៗ តែរកជនសង្ស័យមិនឃើញ ដោយជនសង្ស័យជិះម៉ូតូយ៉ាងលឿនក្នុងគោលបំណងយកម៉ូតូទៅលក់នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ប៉ុន្តែអត់មានអ្នកទិញ។ បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូត្រឡប់មកភូមិឈើទាល ឃុំព្រែកអញ្ចាញវិញ។ ក្នុងពេលនោះកម្លាំងសមត្ថកិច្ចយើងដែលកំពុងចេញតាមស្រាវជ្រាវចាប់ជនសង្ស័យ ក៏បានឃើញជនសង្ស័យជិះម៉ូតូតាមផ្លូវបេតុងក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ក៏ចាប់ឃាត់ជនសង្ស័យ និងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្តកិច្ច ជនសង្សយ័បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ជនរងគ្រោះឈ្មោះ ហ្វី ម៉ូសា ប្រាកដមែន។
ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាងជ័យ