ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំប្រជុំជាមួយសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងក្រសួងពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស​ ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីប្រកាសASEP11

ចែករំលែក៖

ភ្នំពេញ, លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានអញ្ជើញដឹកនាំប្រជុំជាមួយសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងក្រសួងពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស​ ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីប្រកាសASEP11។​

សូមបញ្ជាក់ថា, កិច្ចប្រជុំនេះប្រារព្ធធ្វើនៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា​ នាព្រឹកថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២១។

កិច្ចប្រជុំនេះ​ មានគោលបំណងប្រជុំពិភាក្សា កែសម្រួល និងបំពេញបន្ថែមលើខ្លឹមសារលំអិតនៃកថាខណ្ឌនីមួយៗនៃសេចក្តីព្រាងសេចក្តីប្រកាស Zero Draft ( បច្ចុប្បន្នភាពថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ )។​ ដោយឡែកនារសៀលថ្ងៃដែលនោះដែរនឹងមានកិច្ចពិភាក្សាលើបញ្ហាប្រឈមទាក់ទងនិងនយោបាយក្នុងតំបន់និងពិភពលោក។
ដោយឡែកថ្ងៃនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្រាប់រៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម ៖
១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
២-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤។
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹតឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕

ដោយ៖ សិលា


ចែករំលែក៖