ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ វិស័យទេសចរណ៍នៅកោះកុង កម្រើកឡើងវិញអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ចែករំលែក៖

ខេត្តកោះកុង៖ បើយោងតាមរបាយការណ៍ពីអង្គភាពមន្ទីរព័ត៌មាន ខេត្តកោះកុង គោរពជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះថា, សន្ទះនៃលំហូភ្ញៀវទេសចរមកលេងកម្សាន្តលំហែកាយនៅតាមរមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តកោះកុង ត្រូវបានគេមើលឃើញថា កម្រើកឡើងវិញហើយអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ។
៣ថ្ងៃអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ខេត្តកោះកុងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១១.២៤៨នាក់ ដោយមានភ្ញៀវទេសចរជាតិ១១.១៥៥នាក់ និងបរទេសចំនួន៩៣នាក់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០គឺថយចុះ១៥.០៧៥នាក់ ស្មើ៥៧ភាគរយ។
ទោះយ៉ាងណា លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទសចរណ៍ខេត្តកោះកុង យល់ឃើញថា ៣ថ្ងៃ គិតពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែតុលា ខេត្តហាក់មានវត្តមានភ្ញៀវទេសចរឡើងវិញ បើធៀបនឹង២ឆ្នាំមុន ព្រោះការញុំញីដោយសារវិបត្តិជំងឺកូវីដ១៩។
លោកប្រធានមន្ទីរទសចរណ៍ខេត្តកោះកុង ឱ្យដឹងព្រឹកថ្ងៃទី៨ ខែតុលា ថា ដំណើរការបើកទ្វាររមណីយដ្ឋានធម្មជាតិ និងតំបន់កែច្នៃ សុទ្ធតែត្រូវបានណែនាំឱ្យអនុវត្តវិធានការរក្សាសុវត្ថិភាពចំណីអាហារ ទីកន្លែងស្នាក់នៅ ឬការផ្តល់សេវាកម្សាន្តផ្សេងៗទៀត ជាពិសេសអនុវត្តវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ភាពធូរស្បើយនៃជំងឺកូវីដ គឺជាកត្តាអាចស្តារសេដ្ឋកិច្ចជីវភាពឡើងវិញតាមរយៈការផ្តល់សេវាទេសចរណ៍ ប្រសិនណាមិនចូលរួមទប់ស្កាត់ទាំងអស់គ្នាការស្តារសេដ្ឋកិច្ចសង្គមមិនអាចធ្វើទៅបានប្រកបដោយនិរន្តរភាពនោះទេ។ តាមក្រុមមន្រ្តីពិនិត្យវាយតម្លៃ ឃើញថា ទាំងប្រតិបត្តិករ អាជីវករ និងអ្នកទេសចរ ពិតជាអនុវត្តនូវវិធានការសុខាភិបាលយ៉ាងល្អប្រសើរអំឡុងថ្ងៃភ្ជុំបិណ្ឌកន្លងទៅនេះ។
សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ស្ថិតនៅក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតនៅក្នុងទឹកដីខេត្តកោះកុង ក៏បានទទួលបានភ្ញៀវទេសចរចូលសម្រាកលំហែកាយប្រមាណជិត៣.០០០នាក់ដែរ។
បើតាមលោក ជ័យ យឿន ប្រធានសហគមន៍អេកូធម្មជាតិព្រៃកោងកាងពាមក្រសោប តួលេខភ្ញៀវទេសចរនៅពេលនេះ បើនឹងកន្លងទៅមានតែអ្នកទេសចរក្នុងខេត្ត តែ៣០ទៅ៥០នាក់ប៉ុណ្ណោះសម្រាប់ថ្ងៃចុងសប្តាហ៍។
លោក ជ័យ យឿន បន្ថែមថា មុននឹងបើកទ្វារចាំទទួលបណ្តាអ្នកទេសចរមកពីទីជិតឬឆ្ងាយ សហគមន៍របស់លោកបានរៀបចំសោភ័ណអនាម័យបរិស្ថានទៅតាមអ្វីដែលការជូនដំណឹងរបស់រដ្ឋបាលខេត្ត និងក្រសួងជំនាញយ៉ាងខ្ជាប់ខ្ជួន។ មុនអនុញ្ញាតឱ្យចូលក្នុងសហគមន៍ គឺតម្រូវឱ្យអនុវត្តសុខាភិបាលជាចាំបាច់ដូចជា៖ វ៉ាស់កំដៅ លាងដៃនឹងអាល់កុល និងម៉ាស់ជាដើម។
គួរជម្រាបថា វិស័យទេសចរណ៍នៅខេត្តកោះកុង ហាក់កម្រើកឡើងវិញបន្តិចហើយ ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជាបើកភ្លើងខៀវដល់ពលរដ្ឋ និងអ្នកទេសចរអាចធ្វើដំណើរទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានាទូទាំងប្រទេស។
ដោយឡែកក្រុមអ្នកទេសចរមកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមកចូលលេងនៅសហគមន៍ពាមក្រសោប ក៏គាំទ្រចំពោះការអនុវត្តវិធានការសុខាភិបាលឈរលើគោលការណ៍បង្ការការពារទប់ស្កាត់ជំងឺកូវីដ ទោះបីជាមានការចាក់វ៉ាក់សាំងក៏ដោយ៕

ដោយ៖ សិលា


ចែករំលែក៖