ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលាឆ្នាំ២០២១នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថានៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូខាងលើនេះបន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលមានឈ្មោះឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ខ្លួនបានទុកម៉ូតូនៅមុខបន្ទប់ជួលរបស់ខ្លួនដោយមិនបានដកកូនសោរចេញពីម៉ូតូ បន្ទាប់មកនៅវេលាម៉ោង១០ និង៣០នាទី ស្រាប់តែមានមនុស្សប្រុសម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួនតែម្ដង ក្រោយមកខ្លួនបានឆែកកាមេរ៉ាសុវត្ថិភាពមើលហើយបានដឹងពីអត្តសញ្ញាណរបស់ជនសង្ស័យ ហើយខ្លួនក៏បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ជនសង្ស័យឈ្មោះ ម៉ាប់ រ៉ាន់យ៉ា ភេទប្រុស អាយុ២៧ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមដែលចតទុកចោលនៅមុខបន្ទប់ជួលរបស់ដើមបណ្ដឹងពិតប្រាកដមែន ពេលលួចបានខ្លួនជិះទៅបម្រុងយកទៅដាក់បញ្ចាំត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្ដង ។ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយរបស់ជនសង្ស័យ និងមានវត្ថុតាងផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្ត ចំណែកវត្ថុតាងម៉ូតូត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយដែរ ៕
ដោយ៖ ស សម