នៅថ្ងៃទី៨ខែតុលា មានករណីរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ ធ្វើឲ្យកក្រើកទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់និងរបួស ។
ការរញ្ជួយដីកើតឡើងនៅយប់ថ្ងៃទី៧ខែតុលា បណ្តាលឲ្យមនុស្សជាង២០នាក់រងរបួស។ ក្រសួងព្យាករណ៍អាកាសធាតុជប៉ុន JMA បានឱ្យដឹងថា មិនមានការគំរាមកំហែងដោយរលកយក្សស៊ូណាមិនោះឡើយ។
ការរញ្ជួយដីនេះបណ្តាលឱ្យអគារ កម្រើកញប់ញ័រ ហើយការប្រកាសអាសន្នតាមទូរស័ព្ទក៏ត្រូវបានបន្លឺឡើងដើម្បីជួយដល់ពលរដ្ឋឱ្យរកកន្លែងលាក់ខ្លួនបញ្ចៀសគ្រោះថ្នាក់។
តាមប្រភពព័ត៌មានពី JMA បញ្ជាក់ថា ការរញ្ជួយដីកើតឡើងនៅក្នុងស្រុក Chiba ភាគខាងកើតទីក្រុងតូក្យូ នៅវេលាម៉ោង ២០និង៤១នាទី ក្នុងជម្រៅក្រោមដី៨០គីឡូម៉ែត្រ ។ ចំណែកក្រុមធរណីវិទ្យាអាមេរិក USGS បានប្រកាសថា ការរញ្ជួយដីមានកម្រិត ៥,៩រ៉ិចទ័រ ក្នុងជម្រៅ៦១គីឡូម៉ែត្រ។
នេះជាករណីរញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីគ្រោះរញ្ជួយដី បង្កឲ្យមានរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ សម្លាប់មនុស្សរាប់សិបពាន់នាក់ ៕
ដោយ៖ធីរីណា(រូបភាព៖AFP)