ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ការក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីនាំយកកុមារដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់សូមបានជ្រាបថា ដោយទទួលបានការប្រគល់ភារកិច្ច ពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ ដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ហើយបាន បញ្ចប់ការចាក់ដួសទី១ នៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២១ កន្លងទៅនេះ។ សម្រាប់ដូសទី២ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទី រសៀល នៅទីតាំងចំនួន ៤២ទីតាំង ដែលបានកំណត់នៅក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ ០៧៧ សជណ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថាកុមារភាគច្រើនបានមកទទួលវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ប៉ុន្តែក៏នៅមានមួយចំនួនខកខានមិនទាន់បានអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឡើយដោយ មូលហេតុផ្សេងៗ រួមមាន ជាប់អនុវត្តវិធានចត្តាឡីស័ក, មានបញ្ហាសុខភាព, មានធុរៈចាំបាច់ ឬទើបគ្រប់អាយុទទួល វ៉ាក់សាំង។ ក្នុងន័យនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេច បន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារដែលខកខានមិនបានមកទទួលវ៉ាក់សាំងដោយមូលហេតុ ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ០៨ទីតាំង រៀងរាល់ម៉ោង ០៨.០០នាទីព្រឹក ដល់ម៉ោង ១៧.០០ នាទីរសៀល ដូចខាងក្រោមតាមតារាង។
ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកនិងអំពាវនាវ ចំពោះមាតាបិតា-អាណាព្យាបាលដែល ត្រូវនាំបុត្រធីតាឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សា គម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួនក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១- ឱ្យបានឆាប់នាពេលខាងមុខនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ការងារនេះឱ្យមានប្រសិទ្ធភាព និង់ស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សំរិត