ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្របតាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងផ្អែក តាមផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹង មេរោគកូវីដ-១៩ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងដោយ ទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង ការប្រគល់ភារកិច្ចជូនក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដើម្បីទទួលបន្ទុកចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ចំនួន ០៦ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀតទទួលបន្ទុកចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំនួន ០៨ ផ្សេងទៀត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬគ្រប់ដូស (គ្រប់ប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩) តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ និង កាលបរិច្ឆេទដូចខាងក្រោម៖

(ក) ចាប់ដំណើរការចាក់វ៉ាក់សាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅក្នុងមូលដ្ឋាន ១១ខណ្ឌ (សម្រាប់ ប្រជាពលរដ្ឋ ដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ០៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដួសទី២)៖

– ដោយក្រុមគ្រូពេទ្យយោធានៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិនឹងចាប់ផ្តើមនៅវេលាម៉ោង ១៤.០០នាទី រសៀល រួមមាន៖ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ (ចំពោះប្រជាពលរដ្ឋដែលធ្លាប់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពី ក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទត្រូវទៅទទួលវ៉ាក់សាំងនៅទីតាំងដែលក្រុមគ្រូពេទ្យ យោធា បានរៀបចំសម្រាប់ដូសជំរុញ) ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងចាប់ផ្តើមនៅ វេលាម៉ោង ០៨.០០នាទី ព្រឹក រួមមាន៖ ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ

 (ខ) ចាប់ដំណើរការចាក់វ៉ាក់សាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅក្នុងមូលដ្ឋាន ៣ខណ្ឌ (សម្រាប់ប្រជាពលរដ្ឋ ដែលទទួលវ៉ាក់សាំងមានគម្លាតរយៈពេល ០៤ខែគិតចាប់ពីកាលបរិច្ឆេទនៃការចាក់ វ៉ាក់សាំងដូសទី២)៖ 

– ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរួមមាន៖ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ចំពោះប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយ៖ 

(១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និង

(២) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំង ត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ពោលគឺធានានូវគម្លាតរយៈពេល ០៤(បួន) ខែគិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ មកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរចៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ -៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញ ដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្ដល់កិច្ចសហការខ្ពស់៕

ដោយ ៖ សំរិត


ចែករំលែក៖