ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ គឺរាជរដ្ឋាភិបាល ប្តេជ្ញាបញ្ចប់រថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ៖
ទី១-អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការលើការប្រមូល ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រោកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលស្របតាម ច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។
ទី២-ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិង ចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធ និងអាករឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនៃប្រាក់ពន្ធអាករសរុបពី១០០% មកត្រឹមតែ៩០% ប៉ុន្តែចំពោះរថយន្តទំនើបដែល ទើបនាំចូលក្នុងឆ្នាំ២០២១ ត្រូវបង់ពន្ធនិងអាករ១០០%ដដែល។ ប្រសិនជាម្ចាស់យានយន្ត មិនបានបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនោះទេ គឺក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធនិងអាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត។
ទី៣-ចំពោះម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែ ចង្កូតឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ មិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀត នោះឡើយ លើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម។
ទី៤-ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់ អាវុធ ត្រូវសហការជាមួយគយ ដើម្បីបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មានពន្ធ។ ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់នឹងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់ រថយន្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្ដេចមានវិធានការដកមុខតំណែង និង បណ្តេញចេញពីគណបក្សថែមទៀត។
ទី៥-ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជា រថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ខ្ពស់រក្សាសន្តិសុខសណ្តាប់ធ្នាប់ និង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សម្ដេចតេជោ ក៏ថ្លែង អំណរគុណដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានភាពម្ចាស់ការ និងបានស្វ័យការពារខ្លួនពីគ្រោះថ្នាក់ ចរាចរណ៍ ពិសេសប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ ៣ការពារ និងវិធានការនានារបស់ក្រសួង សុខាភិបាល ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩៕
ដោយ៖ សុខ ខេមរា