អនាគតរបស់ប្រទេសប៉ូឡូញក្នុងសហគមន៍អឺរ៉ុប ស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពេលចៅក្រមប៉ូឡូញប្រកាសច្បាប់ផ្ទាល់ខ្លួនជំនួសច្បាប់របស់EU ក្រោយពេលមានវិវាទរវាង រដ្ឋាភិបាល Warsaw នឹងទីក្រុង Brussels ។
លោក Jaroslaw Kaczynski មេដឹកនាំគណបក្ស ច្បាប់និងយុត្តិធម៌ ដែលមានឥទ្ធិពលបំផុតក្នុងរដ្ឋាភិបាលប៉ូឡូញបានបញ្ជាក់ថា ប៉ូឡូញជាប្រទេសមានអធិបតេយ្យ អឺរ៉ុបមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប៉ូឡូញឡើយ។
សាលក្រមនៃរដ្ឋធម្មនុញ្ញប៉ូឡូញគឺខ្ពស់ជាងសន្ធិសញ្ញាEU ។ ការប្រកាសខាងលើ បង្កការខឹងសម្បាយ៉ាងខ្លាំងពីក្រុមអ្នកនយោបាយសហគមន៍អឺរ៉ុប។ គណៈកម្មការសហគមន៍អឺរ៉ុប EC បានប្រកាសថានឹងមិនបន្ធូរបន្ថយចំពោះការប្រើប្រាស់អំណាចស្របច្បាប់ការពារច្បាប់របស់អឺរ៉ុប។
សហគមន៍អឺរ៉ុបបានចោទប្រកាន់ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki មានគម្រោងអនុវត្ត Polexit គឺទីក្រុង Warsaw នឹងចាកចេញពីសហគមន៍អឺរ៉ុបដូចជាប្រទេសអង់គ្លេស កាលពីថ្ងៃទី៣១ ខែធ្នូ ។
សារព័ត៌មាន The Telegraph បានផ្សាយថា រាល់សមាជិករបស់សហគមន៍អឺរ៉ុប គឺបានព្រមព្រៀង អនុវត្តច្បាប់របស់សហគមន៍អឺរ៉ុប ខ្ពស់ជាងច្បាប់ប្រទេសរបស់ខ្លួន។ តុលាការអាជ្ញាកណ្តាល EU និងប្រព័ន្ធច្បាប់មានទីតាំងនៅទីក្រុង Luxembourg គឺមានអាទិភាពខ្ពស់ជាងតុលាការក្នុងប្រទេសនីមួយៗជាសមាជិក៕
ដោយ៖ ធីរីណា(រូបភាព៖Reuters+AP)