ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

ចែករំលែក៖

   ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំឱ្យទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ  រដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តបូមកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីឱ្យទឹកហូលឿន បង្ការទុកជាមុនកុំឱ្យទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ។ 

     សកម្មភាពចុះពិនិត្យប្រព័ន្ធលូនិងបូមយកកាកសំណល់ចេញពីលូនេះបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ នៅក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ  ដោយលោកអភិបាលខណ្ឌ ចុះផ្ទាល់នៅតាមភូមិសាស្ត្រ ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដោយឡែកនៅសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង លោកអភិបាលខណ្ឌបានណែនាំឱ្យក្រុមការងារប្រើប្រាស់ម៉ាស៉ីនបូមទឹកចេញពីភូមិដែលជន់លិចដោយទឹកភ្លៀង   

      សូមរំលឹកថាកន្លងមក លោកអភិបាលខណ្ឌបាន ចុះពិនិត្យសកម្មភាពក្រុមការងារសង្កាត់ ព្រែកប្រា ចុះបូមទឹកចេញពីលូ និងកើបកាយយកកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីរំដោះទឹកភ្លៀងដែលជន់លិចតំបន់ផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង ។

    ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្រុមការ ងារ ជំនាញពាក់ព័ន្ធខណ្ឌ  សង្កាត់ ត្រូវយកចិត្តទុកដាក់លើការងារចុះពិនិត្យប្រព័ន្ធលូ  ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរព្រោះរដូវវស្សាចូលមកដល់ហើយឥញ្ចឹងយើងត្រូវបង្កាទុកជាមុនកុំអោយជនលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ ។  លើសពីនេះទៀតត្រូវចលនាអោយបានទូលំទូលាយ ប្រាប់ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​សហការ​ ទុក​ដាក់​ និង​វេចខ្ចប់សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​  កុំយកមក បោះចោលតាមមាត់លូរ  តាមប្រឡាយរំដោះទឹកឥញ្ចឹង គឺធ្វើអោយស្ទះដល់ចរន្តទឹកហូរ  ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ។  

       សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេលវេលាកំណត់របស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការចោលសំរាមចូលក្នុងប្រឡាយនិងតាមលូ ដែលបណ្តាលអោយស្ទះចរន្តទឹក​ និងបង្កអោយមានបរិស្ថានមិនល្អក្នុងតំបន់ ៕

ដោយ៖ សណ្តោស


ចែករំលែក៖