ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​! កំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធានអនុគណៈកម្មការព័ត៌មានវិទ្យា រូបភាព ប្រព័ន្ធសំឡេង និងសន្និសីទសារព័ត៌មាន នៃគណៈកម្មការរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីដឹកជញ្ជូនអាស៊ានលើកទី៥២ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ជួបជាមួយក្រុមការងារលេខាធិការដ្ឋានអាស៊ានតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិភាក្សាការងារបច្ចេកទេស។ 

ជាក់ស្ដែង​លោក ហ៊ាង សុទ្ធាយុត្តិ ប្រធានអនុគណៈកម្មការព័ត៌មានវិទ្យា រូបភាព ប្រព័ន្ធសំឡេង និងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយក្រុមការងារបច្ចេកទេសរបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន (STOM )លើកទី៥២ និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) លើកទី២៧ ដោយមានការចូលរួមពីសមាជិកសមាជិកាអនុគណៈកម្មការ។

អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់លើការងារគ្រប់គ្រងបច្ចេកទេសនៃប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីធានាឱ្យដំណើរការកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ អាចប្រព្រឹត្តទៅប្រកបដោយភាពរលូនទាំងការគ្រប់គ្រប់សំឡេង រូបភាព និងការចែកចាយឯកសារពាក់ព័ន្ធ។

សូមជម្រាបជូនថា៖ កម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖