ខេត្តស្វាយរៀង៖ ស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងបន្ទាប់ពីត្រូវជនសង្ស័យជាប្ដីបានប្រើហិង្សាយកដាវកាប់ដោយមូលហេតុស្រវឹងស្រាហើយមានជម្លោះពាក្យសម្តីគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥៧នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រែង ប៊ុនណារី អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកជនសង្ស័យមានឈ្មោះ ម៉ៅ ភារុន អាយុ៣៧ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់បានយកវត្ថុតាងដាវរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗតែម្ដង។
តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យជាប្ដីបានចេញពីវង់ផឹកស៊ីដោយមានអាការស្រវឹងស្រាជោកជាំ និងបានត្រឡប់មកដល់ផ្ទះរករឿងប្រពន្ធបង្កឱ្យមានការឈ្លោះប្រកែកទាស់ពាក្យសម្តីគ្នា ។
ក្រោយមកស្រាប់តែឃើញប្តីបានទាញយកដាវកាប់ទៅលើប្រពន្ធត្រូវចំនួន២ដាវចំគុម្ពត្រចៀកស្តាំ១ដាវ និងចំកដៃខាងឆ្វេង១ដាវបណ្តាលឱ្យរងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពរួចបានយកវត្ថុតាងដាវរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗតែម្ដង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងស្វែងរកឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់៕
ដោយ៖ យឹម សុថាន