ភ្នំពេញ៖ ទីបំផុតកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2021 បានបញ្ចប់ដោយជោគជ័យក្រោយពីពន្យារពេលប្រកួតរយៈពេល២សប្តាហ៍រួចមក។ ម្ចាស់មកុដគឺបានទៅលើកញ្ញា ប៉ូ គឹមថេងសុទ្ធធីតា ដែលតំណាងឲ្យខេត្តបាត់ដំបង។ ប្រសិនបើគេក្រឡេកមើលពីប្រវត្តិខ្លះៗរបស់នាង ពិសេសលើចំណុចខ្លឹមៗដែលនាងធ្លាប់បានឆ្លងកាត់លោកអ្នកពិតជាលាន់មាត់សរសើរថែមទៀតថានាងពិតជាសាកសមទៅនឹងតំណែងជាម្ចាស់មកុដ និងសមទៅនឹងការក្លាយខ្លួនជាបេក្ខភាពពីកម្ពុជាចេញទៅប្រកួតកម្មវិធីសម្រស់លើឆាកអន្តរជាតិ។ខាងក្រោមនេះគឺជាចំណុចពិសេសៗរបស់ម្ចាស់មកុដរូបនេះ ដែលធ្វើឲ្យគេលាន់មាត់ថាពិតជាសាកសមទៅនឹងតំណែងមួយនេះ៖
ទី១. នាងមានមុខមាត់ស្រស់សោភា រូបរាង និងកម្ពស់ដ៏សាកសមមួយ៖ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា មានអាយុ២៣ឆ្នាំ កម្ពស់ ១,៧៥ម៉ែត្រ ទម្ងន់៥៥គីឡូក្រាម ទំហំទាំងបី៤០ ,២៤ ,៤០។នាងមានទីកំណើតនៅរាជាធានីភ្នំពេញ។ នាងគឺជាបេក្ខភាពតំណាងឲ្យខេត្តបាត់ដំបង ។
ទី២. មុនពេលឡើងឆាកប្រកួតនេះនាងធ្លាប់បានឆ្លងកាត់ការចូលរួមកម្មវិធីប្រកួតសម្រស់នៅលើថ្នាក់ជាតិ និងអន្តរជាតិជាមួយនឹងជោគជ័យមិននឹកស្មាន។ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បានគ្រងមកុដជាជ័យលាភីតំណែងលេខ៤ ឬ Third Runner Up កម្មវិធី Miss City Tourism World 2017 ពីប្រទេសចិន ។ នាងធ្លាប់ជាកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ឆ្នាំ ២០១៩ និងជាអតីតម្ចាស់ជ័យលាភីលេខ៤នៃកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡថែមទៀតផង។
ទី៣. នាងគឺជាតារាសម្តែងក្នុងភាពយន្តខ្នាតធំមួយ។ នាឡិការដាស់វិញ្ញានវគ្គ២ ដែលជាស្នាដៃផលិតភាពយន្តខ្នាតធំរបស់ផលិតកម្មLD Picture នោះធ្លាប់បានជ្រើសរើសនាងគឺជាតួឯកស្រីដោយការថតរួមគ្នាជាមួយតារាសម្តែងប្រុសស្រស់សង្ហា របស់មីយ៉ាន់ម៉ា គឺលោក ផាងតាកន។ ក្នុងភាពយន្តនេះនាងត្រូវហ្វឹកហាត់និយាយនិងសិក្សាជាភាសាម៉ីយ៉ាន់ម៉ាផងដែរ។
ទី៤. នាងជាមនុស្សស្រីដែលមានភាពក្លាយហាន មានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនប្រកបដោយទំនុកចិត្ត និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ជាបន្តបន្ទាប់ ដោយជម្នះនូវការមើលងាយ ជំរុញកម្លាំងចិត្ត និងតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីឈានទៅរកភាពជោគជ័យ។
ទី៥. នាងគឺជាបេក្ខភាពដែលធ្លាប់បានចេញមុខបង្ហាញឆន្ទៈក្នុងការតស៊ូមតិទាមទារលើសិទ្ធិសេរីភាពភាពស្មើមុខមាត់សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងធ្លាប់ចូលរួមធ្វើជាគណកម្មការបវកញ្ញាភេទទី៣ផងដែរ។
គួរបញ្ជាក់ដែរថា ក្រោយពីបង្ហាញបេក្ខភាពទាំង២៥នាក់ មានទស្សនិកជនមិនតិចនោះទេដែលហ៊ានដាក់ក្តីរំពឹងខ្ពស់ថា ប៉ូគឹមថេងសុទ្ធធីតា អាចនឹងមានឱកាសខ្ពស់ក្នុងការដណ្តើមបានជ័យលាភីណាមួយពីកម្មវិធីប្រកួតខាងលើ រហូតអ្នកខ្លះលើកឡើងថានាងពិតជាសាកសមទៅនឹងការក្លាយខ្លួនជាម្ចាស់មកុដពីកម្មវិធីមួយនេះថែមទៀតផងហើយពេលនេះនាងពិតជាមិនធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយ៕
ដោយ៖ វឌ្ឍនា