ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ លើកទឹកចិត្តមន្ត្រីមូលដ្ឋានបន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀតព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្នុងក្របខ័ណ្ឌឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារ សម្រាប់ការត្រៀមការបោះឆ្នោត នាពេលខាងមុខ។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំសង្កាត់នៃខេត្តព្រះសីហនុ។ 

លោក សាយ សំអាល់ ប្រធានក្រុមការងារបានបន្តជំរុញឱ្យសមា ជិកសមាជិកាក្រុមការងារបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុង ការចុះមូលដ្ឋានឱ្យបានខ្លាំងក្លា។ លោក សាយ សំអាល់ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភាកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកទឹកចិត្តមន្ត្រីទាំងអស់ ធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះនេះគឺជាមូលដ្ឋាននៃ ភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។ 

លោកប្រធានក្រុមការងារ បានថ្លែងថា, ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានណែនាំដល់សមាជិកសមាជិកាទាំងអស់យកចិត្តទុកដាក់ខ្ពស់ជំរុញប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំសង្កាត់ដែលបានចុះឈ្មោះបោះឆ្នោតរួច ឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះ ឆ្នោត និងជំរុញអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុឱ្យចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលពួកគាត់រស់នៅចាប់ពីថ្ងៃទី១២ ខែ តុលា ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ និងត្រៀមសម្រាប់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០២៣ និងការបោះឆ្នោតនាអាណត្តិផ្សេងៗទៀតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស អភិវឌ្ឍជាតិឱ្យរីកចម្រើនខ្លាំងលើគ្រប់វិស័យបន្ថែមទៀត និងថែរក្សាការពារសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះបានគង់វង្សស្ថិតស្ថេរជារយូអង្វែង៕

ដោយ ៖ សិលា


ចែករំលែក៖