ក្រុងប៉ោយប៉ែត៖ តាមសេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចថៃបានបង្កើនការរឹតបន្តឹងបញ្ហាលួចឆ្លងដែនចូលប្រទេស និងការនាំទំនិញខុសច្បាប់ចូល-ចេញតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសមត្ថកិច្ចនគរបាលល្បាតព្រំដែនទី១២របស់ថៃ សហការជាមួយកម្លាំងនគរបាល និងកម្លាំងទាហានស្រុកតាព្រះយ៉ាចុះចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៥នាក់ ក្នុងនោះមានប្រុស១០នាក់និងស្រី៥នាក់នៅបរិវេណចម្ការដំឡូង ក្នុងភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។ ក្នុងការចាប់ឃុំខ្លួនខាងលើ សមត្ថកិច្ចថៃបានចោទប្រកាន់ពលរដ្ឋខ្មែរទាំង១៥នាក់ថា ជាបុគ្គលអន្តោប្រវេសន៍ សញ្ជាតិកម្ពុជា លួចឆ្លងចូលនិងស្នាក់នៅក្នុងព្រះរាជាណាចក្រថៃ ដោយមិនមានការអនុញ្ញាត ទើបបញ្ជូនខ្លួនទៅសួរចម្លើយនៅទីបញ្ជាការកងរយទី៣។ ពេលសមត្ថកិច្ចថៃសួរចម្លើយនោះ ពួកគេទាំង១៥នាក់បានសារភាពថា ពួកខ្លួនលួចចូលមកប្រទេសថៃតាមច្រករបៀងនេះគឺមានគោលបំណងទៅធ្វើការនៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ដែលមានជនជាតិខ្មែរមិនស្គាល់ឈ្មោះជាអ្នកនាំផ្លូវដើរមកពីប្រទេសខ្មែរ ដោយត្រូវចំណាយលុយក្នុងការចូលមកធ្វើការចាប់ពី៥,០០០-៦,០០០បាត នៅពេលមកដល់គោលដៅទើបចំណាយលុយឱ្យ។
ក្រោយសួរចម្លើយរួចរាល់ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរទាំង១៥នាក់ ប្រគល់ទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។
បន្ទាប់ពីនោះមក សមត្ថកិច្ចស្រុកតាព្រះយ៉ា សហការជាមួយនគរបាលស្រុកគោកឃ្យូង និងអាជ្ញាធរស្រុកគោកឃ្យូងធ្វើការ ឃាត់ខ្លួនជនជាតិថៃចំនួន៩នាក់នៅបរិវេណភូមិណូនម៉ាកមុន ឃុំណូនម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ។យ៉ាងណាក៏ដោយ ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនជាតិថៃទាំង៩នាក់ខាងលើ បានសារភាពថា ពួកខ្លួនធ្វើដំណើរមកពីតាមបណ្ដាខេត្ត ដោយមកជួបជុំគ្នានៅបេនឡានក្នុងទីរួមស្រុកអារញ្ញ។ បន្ទាប់មកមានរថយន្តមកទទួលនិងដឹកមកព្រំដែនកម្ពុជា-ថៃ បរិវេណភូមិណូនម៉ាកមុន ឃុំណូនម៉ាកមុន រួចហើយពួកខ្លួនព្យាយាមលួចធ្វើដំណើរចាកចេញពីប្រទេសថៃ តាមច្រករបៀង បរិវេណខាងលើ និងបន្តដំណើរទៅធ្វើការជាបុគ្គលិកកាស៊ីណូនៅប្រទេសកម្ពុជា តែមិនទាន់បានទៅដល់ផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមុន។ សមត្ថកិច្ចថៃក៏បានឃុំខ្លួនជនសង្ស័យទាំងអស់ដើម្បីសួរនាំបន្ថែម និងធ្វើកំណត់ហេតុចាប់ឃុំខ្លួន រួចហើយបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា