ព័ត៌មានទាន់ហេតុការណ៍៖

បទ”Are You OK?”របស់ តន់ ចន្ទសីម៉ា រងការរិះគន់ពីអ្នកចម្រៀង និងជាអ្នកនិពន្ធ លោក ម៉ៃ វឌ្ឍនា

ចែករំលែក៖

      ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា និងជាអ្នកនិពន្ធបទចម្រៀងលោក ម៉ៃ វឌ្ឍនា បានចេញមុខរិះគន់ទៅលើការផលិតបទចម្រៀងថ្មីរបស់ផលិតម្មហ្គាឡាក់ស៊ី ច្រៀងដោយកញ្ញាតន់ ចន្ទសីម៉ា គឺបទ”Are You OK?”។ លោកម៉ៃ វឌ្ឍនារិះគន់ក៏ព្រោះតែបទចម្រៀងនេះបានបង្ហាញពីឈុតឆាកនៃការកាន់កាំភ្លើងក្នុងថ្នាក់រៀន ដែលលោកចាត់ទុកថាជាការប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យអប់រំ។ 

អ្នកចម្រៀង និងជាអ្នកនិពន្ធលោក ម៉ៃ វឌ្ឍនា បានបញ្ចេញយោបល់ដោយការរិះគន់ទៅកាន់ការផលិតបទចម្រៀងមួយនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកថា «ជប៉ុន ចិន ឬខ្មែរ ? សិស្សសាលាណាប្រើកាំភ្លើង? បើជាខ្មែរ សកម្មភាពនេះហាក់ប្រមាថដល់ប្រព័ន្ធអប់រំធ្ងន់ធ្ងរណាស់ទាន! សូមមេត្តាចាយប្រាក់ឱ្យបានសមប្រកបផង !»។ 

ការបញ្ចេញសារនេះមានការបញ្ចេញយោបល់ជាច្រើន រួមទាំងការចែករំលែកពេញបណ្តាញសង្គម ដែលមុននេះអ្នកនិពន្ធបទចម្រៀងបែបមនោសញ្ចេតនារូបនេះក៏បានបញ្ចេញសារមួយចំនួនដោយលោកបានលើកឡើងថា “ហេតុតែក្រុមហ៊ុនគេល្អ គេគោរពសិទ្ធិអ្នកនិពន្ធបានល្អណាស់ គ្រាន់តែពាក្យ”Are You OK?” ប្លាប់ៗWith Me In… គេទិញសិទ្ធិតម្លៃ១២០០០ដុល្លារ សូមសរសើរលោកៗៗៗ លោកម្ចាស់។ សារនេះដែរក៏ត្រូវបានគេចែករំលែកមួយចំនួន និងបញ្ចេញយោបល់ជាច្រើនផងដែរ។

  ទោះជាយ៉ាងណាបើគេក្រឡេកមើលនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រាវិញគេសង្កេតឃើញមានការបញ្ចេញយោបល់ចម្រុះព្រោងព្រាត អមដោយការចែករំលែកជាច្រើននាំឱ្យវីដេអូខ្លីដកស្រង់ពីបទនេះមានអ្នកចូលទស្សនាជិត១លានដងរួចមកហើយត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ ខណៈដែលបទចម្រៀងនេះជាភាសារបរទេសវិញក៏បាននិងកំពុងពេញនិយមផងដែរ ក្នុងនោះនៅលើបណ្តាញហ្វេសប៊ុក និងTik Tok  ត្រូវបានគេសង្កេតឃើញមានការបញ្ចេញក្បាច់រាំ និងកាយវិការត្រាប់តាមបទចម្រៀងនេះផងដែរ។

  មុននេះដែរលោកយឹម តាស្រង់ អ្នកនិពន្ធ និងគ្រប់គ្រងទូទៅរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រាក៏បានបញ្ចេញសារមួយចំនួនតបទៅកាន់អ្នករិះគន់ជុំវិញរឿងផលិតកម្មបានទិញសិទ្ធិលើការផលិតបទចម្រៀងខាងលើ ដោយក្នុងនោះលោកបានរំលេចអំពីប្រវត្តិផលិតកម្មដែលធ្លាប់បានចំណាយប្រាក់សន្ធឹកសន្ធាប់ទិញសិទ្ធិផលិតបទចម្រៀងស្នាដៃមរតកដើមមួយចំនួនយកមកផលិតផងដែរ ប៉ុន្តែបែរជារងការរិះគន់ទៅវិញ ខណៈដែលមានការផលិតស្នាដៃមរតកដើមដោយមិនបានគោរពសិទ្ធិនោះបានផ្សព្វផ្សាយពេញបណ្តាញសង្គមយូធូបទៅវិញ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖