ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិប្រដាល់សកល ទទួលបានសម្ភារហ្វឹកហាត់ពីលោក ស៊ន អេលីត

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពរូបភាព៖ Yuen_Punlue នៃផេក( Cambodia SEA GAMES 2023 )CAMSOC តាមរយៈទិសស្លោកថា, យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, លោក ស៊ន អេលីត អ្នកគ្រប់គ្រងក្លឹបប្រដាល់នៃនាយកដ្ឋានអង្គរក្ស បានជួយឧបត្ថម្ភដល់ការហ្វឹកហាត់សម្រាប់ក្រុមកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅក្នុងឱកាសប្រកួតកីឡាប្រដាល់សកល Ultimate Boxing Championship ដោយទទួលនិងផ្តល់លិខិតថ្លែងអំណរគុណពីលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

លោក ស៊ន អេលីត លើកឡើងថា លោកពិតជារីករាយ ដែលឃើញសហព័ន្ធខិតខំរៀបចំការប្រកួតកីឡាប្រដាល់សកលនេះឡើង។ «ខ្ញុំធ្លាប់ជាអតីតកីឡាករប្រដាល់សកលកម្ពុជាដែរ ដូច្នេះហើយទើបខ្ញុំប្រឹងប្រែងជួយគាំទ្រតាមលទ្ធភាព ដូចជាផ្តល់សង្វៀនប្រកួត ទឹក ភ្លើង និងសម្ភារមួយចំនួន។ ខ្ញុំធ្លាប់លំបាក កម្សត់កម្រ កាលពីខ្ញុំនៅជាកីឡាករជម្រើសជាតិប្រដាល់សកល អំឡុងឆ្នាំ២០០៦-២០០៧ ដោយធ្លាប់នឹកឃើញបែបនេះហើយ ទើបនៅពេលនេះ ខ្ញុំតែងតែចែករំលែក និងចូលរួមជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ ខ្ញុំបានឧបត្ថម្ភស្រោមដៃប្រដាល់ (Boxing Gloves) ១២សម្រាប់ ជូនដល់កីឡាករជម្រើសជាតិ១២នាក់ ក្នុង១សម្រាប់មានតម្លៃ២៨ដុល្លារ ស្មើនឹង៣៣៦ដុល្លារ រួមទាំងសម្ភារមួយចំនួនទៀត សរុបអស់ជាង ៤០០ដុល្លារ»។

ជាមួយគ្នានោះ លោក ស៊ន អេលីត ប្តេជ្ញាចិត្តថា លោកនឹងចាប់ផ្តើមបណ្តុះបណ្តាលធនធានកីឡាករ ទាំងប្រដាល់គុនខ្មែរ និងប្រដាល់សកល បើលោកមើលឃើញថា កីឡាករណាល្អសម្រាប់ប្រភេទកីឡាប្រដាល់សកល គឺលោកនឹងប្រឹងប្រែងជួយបណ្តុះបណ្តាលឲ្យកាន់តែល្អប្រសើរ ដើម្បីជួយកសាងធនធានកីឡាករប្រដាល់សកលឲ្យកាន់តែសម្បូរបែប សម្រាប់ជាតិ ក្នុងគោលដៅឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាយើងផងដែរ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាអះអាងថា ព្រឹត្តិការណ៍ «Ultimate Boxing Championship 2021នេះមិនអាចកើតឡើងបានទេ បើគ្មានកិច្ចសហការរបស់ក្លឹបលោកគ្រូ ស៊ន អេលីត ក្នុងការផ្តល់ទីតាំង ក៏ដូចជាក្រុមការងារផ្សាយផ្ទាល់ វេហា ដែលសហការក្នុងភាពជាដៃគូយ៉ាងសំខាន់របស់សហព័ន្ធ ហើយសហព័ន្ធនឹងបន្តកិច្ចសហការបែបនេះ នាឆ្នាំក្រោយទៀត។ ជាមួយគ្នានោះ លោកស៊ន អេលីត ក៏បានជួយឧបត្ថម្ភសម្ភារហ្វឹកហាត់ សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាផងដែរ៕ 

ដោយ ៖ សិលា


ចែករំលែក៖