សារព័ត៌មាន Khaama Press បានផ្សាយថា គ្រូពេទ្យអាហ្វហ្គានីស្ថានរាប់រយនាក់មកពីខេត្ត Samangan និង Nuristan បានប្រមូលផ្តុំគ្នានៅខាងក្រៅទីតាំងអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយទាមទារឱ្យធនាគារពិភពលោកបើកប្រាក់ខែ រយៈពេល១៤ខែកន្លងមក។
ក្រុមបាតុករគ្រូពេទ្យបានត្អូញត្អែរពីការយឺតយ៉ាវក្នុងការបើកប្រាកខែ ព្រមទាំងខ្វះឱសថជាច្រើននៅតាមមន្ទីរពេទ្យ ពិបាកនៅក្នុងការព្យាបាលអ្នកជំងឺ។ ក្រុមគ្រូពេទ្យបានស្នើដល់ធនាគារពិភពលោកបញ្ជូនប្រាក់មកដោយផ្ទាល់តាមក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន ឬ អង្គការក្រៅរដ្ឋាភីបាលណាមួយ ដោយសារតែរដ្ឋាភិបាលអាហ្វហ្គានីស្ថាន IEA មិនមានទំនាក់ទំនងជាមួយធនាគារពិភពលោកនោះ។
ជាមួយគ្នានេះដែរ គ្រូពេទ្យបានចោទប្រកាន់មេការជនជាតិអាហ្វហ្គានីស្ថានលោក Asad Fayaz ធ្វើការនៅធនាគារពិភពលោក បានយកលុយប្រាក់ខែរបស់ពួកគាត់ ហើយរត់ចេញពីប្រទេសអាហ្វហ្គានីស្ថាន។
តាមការលើកឡើងរបស់ក្រុមគ្រូពេទ្យ លោក Asad Fayaz មានកិច្ចព្រមព្រៀងសុខាភិបាលរយៈពេល ២ឆ្នាំនៅក្នុងខេត្ត Samangan និង Nuristan ក្នុងការផ្តល់សេវាកម្មសុខាភិបាលនិងឱសថព្យាបាល ក៏ដូចជាផ្តល់ប្រាក់ខែដល់បុគ្គលិកពេទ្យ។ ប៉ុន្តែលោកមិនបានបើកប្រាក់ខែឱ្យឡើយដោយយកប្រាក់ជាច្រើនគេចខ្លួនបាត់៕ ដោយ៖ធីរីណា
រូបភាព៖Khaama Press