ភ្នំពេញ៖ ថៅកែផលិតកម្មអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាជាបន្ទាន់ឲ្យលុបបទចម្រៀង “Are You Ok?”ជាបន្ទាន់ក្រោយបទនេះធ្វើឲ្យល្បីកក្រើកនិងទទួលរងការសំពងដោយពាក្យរិះគន់មិនប្រណីមាត់ពីមហាជនភាគច្រើននោះ បើទោះបីជាបទនេះបាននិងកំពុងតែល្បីខ្លាំងនៅពេញបណ្តាញសង្គមTik Tok រហូតដល់ជនបរទេសនៅជុំវិញពិភពលោកយកទៅរាំត្រាប់តាមនោះក្តី។
បទ”Are You OK?”របស់តន់ ចន្ទសីម៉ា បានបញ្ចេញវីដេអូខ្លីនោះបានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនេះគេសង្កេតឃើញមានការលេចចេញភាពចម្រូងចម្រាសជុំវិញអត្ថន័យនៃពាក្យផ្លាប់ៗ កាយវិការ និងសម្លៀកបំពាក់តុបតែងខ្លួននោះជាដើម។ នៅថ្ងៃនេះដែរគេសង្កេតឃើញអ្នកចម្រៀង និងជាអ្នកនិពន្ធ លោក ម៉ៃ វឌ្ឍនា បានបញ្ចេញយោបល់ដោយការរិះគន់ទៅកាន់ការផលិតបទចម្រៀងមួយនេះដោយលោកនិយាយថា សកម្មភាពនេះហាក់ប្រមាថដល់ប្រព័ន្ធអប់រំធ្ងន់ធ្ងរ ពិសេសលើរូបភាពកាន់កាំភ្លើងក្នុងថ្នាក់រៀននោះ។ ជាមួយគ្នានេះក៏មានអ្នកគាំទ្រខ្លះស្នើឲ្យអ្នករិះគន់បើកចិត្តឲ្យទូលាយបន្តិចផងដែរ។ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះរូបនេះបានបញ្ជាក់ថា៖ “សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ទៅតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។មានការចែករំលែក និងគាំទ្រច្រើនជុំវិញការដាក់ចេញបញ្ជាឱ្យបុគ្គលិកក្រោមឱវាទធ្វើការនេះជាបន្ទាន់ដើម្បីតម្រូវចិត្តមហាជននោះ ហើយភ្លាមៗវីដេអូខ្លីនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះ១ថ្ងៃមានអ្នកចូលទស្សនាច្រើនជាង១លានដងនោះត្រូវបានលុបចេញហើយពីគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា។
គួរបញ្ជាក់ដែរថា Galaxy Navatra បានសម្រេចចិត្តទិញសិទ្ធិម្ចាស់សំឡេងនៃពាក្យ “are you ok?” នេះ ក្នុងតម្លៃ រហូតដល់១២០០០ ដុល្លារ ។ បទចម្រៀង”Are You OK?”ច្រៀងដោយកញ្ញាតន់ ចន្ទសីម៉ា នៅមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយទេគឺមានតែឈុតឆាកសម្តែង និងច្រៀងខ្លីៗតែប៉ុណ្ណោះ។ ប៉ុន្តែរឿងដែលមិននឹកស្មានដល់ បន្ទាប់ពីបង្ហោះ វីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រដ៏លើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនាជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្មនេះ៕
ដោយ៖ វឌ្ឍនា