ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ឡើងកាន់ប្រធាននាយកដ្ឋានវិទ្យុទាក់ទង , លោកផៃ ប៊ុនឈឿន ជាឪពុក សូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាល -ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ហើយផ្តល់យុទ្ធសាស្ត្រឱ្យកូនចំនួន៦ចំណុចសំខាន់ៗ !

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា  អគ្គស្នងការនគរបាលជាតិ ប្រកាសផ្លាស់ប្ដូរប្រធាននាយកដ្ឋានវិទ្យុទាក់ទង, ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ។  នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ។

សូមបញ្ជាក់ថា, ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា ដើម្បីតបស្នងទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ សូមយកការប្តេជ្ញាចិត្តក្នុងឱកាសប្រកាសចូលកាន់តំណែងនេះ ប្រែក្លាយឲ្យទៅជាសកម្មភាពពិត និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន តំណាងនាងសន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ បានបន្ថែមទៀតថា , ប្រធាននាយកដ្ឋានថ្មី ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ត្រូវពិនិត្យឡើងវិញនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីរៀបចំឲ្យដំណើរការនូវប្រព័ន្ធការងារតាមជំនាញនីមួយៗ ឲ្យបានច្បាស់លាស់។ អ្វីដែលល្អហើយគួរតែជំរុញលើកចិត្តគាំទ្របន្ថែមទៀត តែអ្វីដែលនៅខ្វះខាត ខ្វះចន្លោះ ដែលបន្សល់ទុក ត្រូវកែលំអរឡើងវិញ ហើយការងារដែលសំខាន់បំផុត គឺរួមរួបគ្នាជំរុញការងាររបស់ក្នុងនាយកដ្ឋាន ឲ្យរីកចម្រើនទៅមុខ ពិសេសបង្កើនសាមគ្គីភាពផ្ទៃក្នុង។ 

ដោយឡែកលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលត្រូវជាឪពុក លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន  នៅព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានបង្ហោះសារលើ facebookផ្លូវការរបស់លោក យ៉ាងដូច្នេះថា, ខ្ញុំបាទសូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាល -ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់សេចក្ដីទុកចិត្ដដល់កូនប្រុសទី២ របស់ខ្ញុំ ឈឿន ប៊ុនឆន ទទួលមុខតំណែងថ្មីជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយសង្ឃឹមជឿជាក់ថាស្មារតីទទួលខុសត្រូវទៅថ្ងៃមុខ នឹងសម្រេចលទ្ធផលល្អតាមការប្តេជ្ញាចិត្ត ដែលរួមមាន ៖

   ១- ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ។

   ២- ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យសម្រេចបានជោគជ័យ នូវគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

   ៣- គោរពអនុវត្តម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និងគោលការណ៍របស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់។

   ៤- តម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ស្មោះត្រង់នឹងមនសិការវិជ្ជាជីវៈ។

   ៥- តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយត្រូវ÷

      – ដឹកនាំមន្ត្រីក្រោមឱវាទ ប្រកបដោយគុណធម៌ និងបង្កើនសាមគ្គីភាពផ្ទៃក្នុង

      – ក្តាប់អំពីសុខទុក្ខ អារម្មណ៍ សកម្មភាពមន្ត្រីថ្នាក់ក្រោម រួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី 

      – លើកកម្ពស់សមត្ថភាព គុណភាពមន្ត្រី ដើម្បីពង្រឹងគុណភាពអង្គភាពវិទ្យុទាក់ទង

      – បែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវឲ្យចំមុខជំនាញ និងបទពិសោធន៍

   ៦- បង្កើនកិច្ចសហការល្អជាមួយនាយកដ្ឋាន-អង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់បទល្មើស សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិយើង។

សូមរំលឹកថា, ក្រុមគ្រួសារលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះកូនៗរបស់គាត់ មានកិត្តិយស ក្នុងសង្គម មានសមត្ថភាព ចំណេះដឹង ជ្រៅជ្រះ ប្រកបដោយឧត្តមបុរស ប្រជាប្រិយភាព រហូតដល់អ្នកភូមិ ញាតិ និយមហៅថា, (កូនៗរបស់ តាឈឿន យាយផល) ល្អៗ មានសីលធម៌ ប្រកបដោយគន្លងធម៌៕

ដោយ ៖ សិលា


ចែករំលែក៖