ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, លោកពូអាយុជាង៩៣ឆ្នាំម្នាក់នេះ ត្រូវបានកូនប្រសារប្រុសនិងកូនស្រីបង្កើតបណ្តេញចេញពីផ្ទះដែលជាកម្មសិទ្ធិស្របច្បាប់របស់គាត់ដែលបានកាន់កាប់អស់ជាច្រើនឆ្នាំមកហើយ។ កាលពីមុនគាត់មានផ្ទះ២ល្វែង ហើយបានចែកអោយកូន១ល្វែងព្រោះតែអាណិតស្រឡាញ់កូនទាំងពីរ ក្នុងនោះក៏មានសាក្សីជាឪពុកបង្កើតរបស់កូនប្រសារដឹងឮទៀតផង។
លោកបន្តថា, នៅពេលរូបគាត់ធ្លាក់ខ្លួនឈឺ កូនទាំង២បានបណ្តេញរូបគាត់អោយចេញពីផ្ទះដោយការឈឺចាប់បំផុត។ កូនៗបានបោះសំដីអោយគាត់ថា “ បានអោយមកនៅផ្ទះជាមួយហើយ ចង់យកផ្ទះគេទៀត!”
សំណាងណាស់គាត់បានមីងម្នាក់ទទួលយកទៅមើលថែរួចផុតពីសេចក្តីស្លាប់។ រាល់ថ្ងៃមីងជាភរិយាដើរបេះត្រួយម្ទេសនិងស្លឹករាំងដើម្បីចិញ្ចឹមជីវិតដោយលំបាកលំបិនបំផុត។ ដោយភាពអយុត្តិធម៍ខ្លាំងពេក ពូជាឪពុកបានដាក់ពាក្យគោរពសុំសម្តេចតេជោជួយអន្តរាគមន៍។
លោកររដ្ឋលេខាធិការបន្តទៀតថា, ខ្ញុំកំពុងពិនិត្យឯកសារលោកតាហើយបានចាត់ចែងមេធាវីជួយករណីនេះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សុខ ខេមរា