ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ជាទីគោរពសក្ការៈយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ថ្នាក់ដឹកនាំកំពូលៗ៤របស់ស្ថាប័នជាតិ ត្រូវតែមាន «សញ្ជាតិខ្មែរតែមួយគត់»

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំបានទទួលនូវលិខិតលេខ ០៦៣/០១/២០២១ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ របស់ លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញស្តីពីមតិរបស់ក្រុមប្រឹក្សា ធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជា ឥស្សរជនដែលមាន “ សញ្ជាតិខ្មែរតែមួយគត់ ។

ខ្ញុំសូមប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ នូវលិខិតរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ខាងលើនេះ ដើម្បីចាត់ការតាមនីតិវិធី ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖