ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសលើកទី២ នៅតាមបណ្តាស្រុកទាំង១១ ក្នុងខេត្តសៀមរាប សម្រាប់កុមារអាយុ០៦ឆ្នាំទៅក្រោម១២ឆ្នាំ ការចាក់ដូសទី២នេះ គឺមានរយៈចន្លោះពី២១ថ្ងៃទៅ២៨ថ្ងៃ (មិនឱ្យលើស២៨ថ្ងៃ)។
យុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដួសលើកទី២ នៅ១១ស្រុកក្នុងខេត្តសៀមរាប សម្រាប់កុមារអាយុ០៦ឆ្នាំទៅក្រោម១២ឆ្នាំ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី ០៦ឆ្នាំ ទៅក្រោម១២ឆ្នាំ បានទទួលចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី១(ស៊ីណូវ៉ាក់) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅតាម ស្រុកទាំង១១ ក្នុងខេត្តសៀមរាប មេត្តាជ្រាបថា ៖
១. កាលបរិច្ឆេទនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។ រយៈពេលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ ត្រូវមានរយៈពេលចន្លោះពី ២១ថ្ងៃ ទៅ ២៨ថ្ងៃ (មិនអោយហួស២៨ថ្ងៃ ក្រោយចាក់ដូសទី១) នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលបាននាំកូនទៅចាក់វ៉ាក់សាំងកាលពីដូសទី១ កន្លងមក ។ ២.យុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨:០០នាទីព្រឹកដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងម៉ោង១៤:០០នាទីរសៀលដល់ម៉ោង១៦:៣០នាទី។
៣.ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យ ងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន។
៤.ករណីមកយឺតលើសពី២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១ នឹងមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២បានទេ។
៥.ប្រសិនបើមិនបានចាក់ដូសទី២ទេនោះ នឹងមិនមានអង្គបដិបក្ខប្រាណ (Antibody) ដើម្បី ទប់ទល់ជាមួយវីរុសកូវីដ-១៩ ទ។
៦.ទោះបីចាក់វ៉ាក់សាំងដូសទី២រួចហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ។
រដ្ឋបាលខេត្តសៀមរាប – សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ លោក លោកស្រី និងបងប្អូនទាំងអស់ក្នុងការអនុវត្តតាមគោលការណ៍ដែលបានណែនាំខាងលើនេះ៕
ដោយ ៖ សិលា