ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង​ រៀបចំពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា, , រសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ លោក ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកស្រី កែ សួនសុភី ស សុខា បានចូលរួមពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង ក្រោមអធិបតីភាព លោកស្រី ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅទួលបារាយណ៍អណ្តែត ក្រុងព្រៃវែង។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអនុគណៈកម្មការសាងសង់រោងតម្កល់ទូក “ង” ខ្នាតវែង ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងទាំងបី និងចំណុះទូក”ង”។

សូមរម្លឹកថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក « ង » វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់។

សារជាថ្មីម្តងទៀតលោក អភិបាល​ខេត្ត​ បានថ្លែងអំណរគុណដល់លោកស្រី ញ៉ែម សាខន សខេង និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេស កងកម្លាំងទាំងបី និងចំណុះទូក “ង”ទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរំកិលទូក ង  “កម្ពោជិកបុត្តាខេមរាតរី” ទទួលបានជោគជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖