ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងបង្ក្រាបករណីគំរាមកំហែងថានឹងសម្លាប់ តាមការបញ្ជាពីលោកស្នងការ ឈឿន សុចិត្ត

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍សុំអន្តរាគមន៍ ក្នុងប្រអប់សារគណនីហ្វេសប៊ុកផ្លូវការលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថា «លោកពូលូវឈ្មោះ វង់ ភា បានយកកាំបិតមករកកាប់ម្តាយខ្ញុំនៅម៉ោង៧:៥០នាទី។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកអធិការ និងក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះពិនិត្យករណីខាងលើជាបន្ទាន់។ បន្ទាប់មកលោកអធិការ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ចុះស្រាវជ្រាវបង្រ្កាបករណីខាងលើទទួលបានលទ្ធផល ដូចខាងក្រោម៖

-ករណី: គំរាមកំហែងថានឹងសម្លាប់

-កើតហេតុ: ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧:៣០នាទី នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

-ជនរងគ្រោះ ចំនួន ០២នាក់:

១. ឈ្មោះ គង់ ដន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ

២. ឈ្មោះ ជួន ស្រីរ៉ែន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទាំងពីរនាក់មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

-ជនសង្ស័យ ចំនួន០១នាក់ (ឃាត់ខ្លួន) 

ឈ្មោះ វង់ ភា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

-វត្ថុតាងចាប់យក:

១. កាំបិតចិតបន្លែ ចំនួន០១ ផ្លែដែក ដងឈើ មានប្រវែង២៨ស.ម (ផ្លែដែកមានទំហំ៥ស.ម x ១៦ស.ម)។

២. ដំបងឬស្សី ចំនួន០១ដើម មានប្រវែង ១.៤២ម៉ែត្រ។

-ផលប៉ះពាល់: បណ្ដាលឱ្យជនរងគ្រោះទាំងពីរមានការភិតភ័យយ៉ាងខ្លាំង។

ជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

ដោយ ៖ សិលា


ចែករំលែក៖