ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជួន​ ណារិន្ទ​ បញ្ជាកម្លាំងជំនាញចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ស្តីពីអាកាសធាតុមានខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់ច្រើនដល់ម្ចាស់ និងបុគ្គលិកទូកដឹកភ្ញៀវទេសចរណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តបតាមបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ​ បានដាក់បញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុមានខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់ច្រើនដល់ម្ចាស់ និងបុគ្គលិកទូកដឹកភ្ញៀវទេសចរណ៍តាមផែដើមទី និងកន្លែងលក់សំបុត្រទូកអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដឹកភ្ញៀវចេញចូលតាមបណ្តាកោះ ហើយត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើទូកដឹកភ្ញៀវចរណ៍។ 

គួរបញ្ជាក់ថា​ បើ​យោង​តាម​ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា ឆ្នាំ២០២១។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ បានឱ្យដឹងថា ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីន នៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣-១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមកកោះហាយណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។

ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលនូវបណ្តាឥទ្ធិពលមាន៖ នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។​ នៅថ្ងៃទី១៥-១៧ ខែតុលា ឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។​ នៅថ្ងៃទី១៨ -១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិននឹងរំកិលចុះមកក្រោម មកដល់ភាគខាងជើងនៃកម្ពុជាយើង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ 

តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមមានជាអាទិ៍ខេត្ត៖ ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, តាកែវ, ព្រៃវែង និងរាជធានីភ្នំពេញ។ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣៖ តំបន់មាត់សមុទ្រ ៖ អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន។ តែនៅថ្ងៃទី១៣-១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់ មានជាអាទិ៍ខេត្ត៖ កោះកុង, ព្រះសីហនុ, កំពត, កែប។

ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ដោយ​៖ស​ តារា​


ចែករំលែក៖