អង្គការសុខភាពពិភពលោក WHO បានស្នើដល់អ្នកដែលមានប្រព័ន្ធការពារភាពស៊ាំចុះខ្សោយ គឺចាំបាច់ត្រូវតែទៅចាក់វ៉ាក់សាំងបំពេញបន្ថែម ឬដូសទីបី ដោយសារតែពួកគាត់អាចប្រឈមនឹងការឆ្លងជាថ្មី។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១២ខែតុលា បានផ្សាយថា តាមក្រុមអ្នកឯកទេសស្តីពីយុទ្ធសាស្ត្រ របស់ WHO បានបញ្ជាក់ថា អ្នកដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ អាចប្រឈមនឹងការឆ្លងខ្ពស់។
លោកស្រី Kate O’Brien អគ្គនាយកនៃអង្គការWHO ទទួលបន្ទុកកិច្ចការវ៉ាក់សាំង បានឱ្យដឹងថា WHO មានភស្តុតាង បង្ហាញថា អាចនឹងមានករណីឆ្លងកើនឡើងខ្ពស់ដល់អ្នកដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ និងមានជំងឺផ្សេងៗប្រចាំកាយ។
ជាមួយគ្នានេះដែរ អង្គការWHO បានស្នើដល់អ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងពីរដូសរួចរាល់នូវប្រភេទវ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ចាំបាច់ត្រូវតែចាក់វ៉ាក់សាំងដូសទីបី ក្រោយរយៈពេល៣ខែ ។
មកទល់ពេលនេះមានវ៉ាក់សាំង ចំនួន៣,៥ពាន់លានដូសត្រូវបានប្រើប្រាស់នៅលើពិភពលោក ។ ជាមួយគ្នានេះ មានវ៉ាក់សាំងចំនួន១,៥ពាន់លានដូសត្រូវបានផលិតឡើងនៅលើពិភពលោកក្នុងរយៈពេលមួយខែៗ៕ ដោយ៖ធីរីណា
រូបថត៖GETTY IMAGES