ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលលោកស្រី Alissar CHAKER តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅទីស្តីការក្រសួង។
សូមជម្រាបជូនថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកឯកអគ្គរដ្ឋទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ កាលពីម្សិលមុិញ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានតម្លៃប្រមាណជាង ៧២ លានដុល្លារអាមេរិក។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា, ឥណទានសម្បទានប្រមាណ ៥៨ លានដុល្លារអាមេរិកនឹងជួយទ្រទ្រង់ការអនុវត្តគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ ទឹកស្អាតខេត្តសៀមរាប ខណៈដែលហិរញ្ញប្បទានឥតសំណងនឹងផ្តោតសំខាន់ទៅលើគម្រោងចំនួន ៥ ដូចជាសកម្មភាពបោសសម្អាតមីន សម្ភារៈបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ សម្ភារៈបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍និងមជ្ឈមណ្ឌលទិន្នន័យ សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំ និង សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់ឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក។ កម្ពុជាជប៉ុន ៕
ដោយ៖ សិលា