ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំនិងស្តីបន្ទោសអ្នកដែលមិនពាក់ម៉ាស់នៅកន្លែងសាធារណៈដែលបានមកជិតខ្លួនយើង

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិណែនាំ និងស្តីបន្ទោសអ្នកដែលមិនពាក់ម៉ាស់នៅកន្លែងសាធារណៈដែលបានមកជិតខ្លួនយើង ហើយបើនៅតែរឹងទទឹងទៀតគឺយើងអាចប្តឹងទៅសមត្ថកិច្ចឱ្យនាំខ្លួនជននោះបាន ព្រោះយើងមិនអាចប្រហែសបានទេពីជំងឺកូវីដ-១៩នេះ ដោយយើងត្រូវទប់ស្កាត់ទាំងអស់គ្នា បើយើងមិនចូលរួមទេវាអាចឆ្លងមកដល់គ្រួសារយើង បងប្អូនសាច់ញាតិយើង និងក្នុងសហគមន៍យើងបន្ថែមទៀតមិនខានឡើយ។

មកដល់ពេលនេះគឺមិនទាន់ហួសពេលនៃការចាក់វ៉ាក់សាំងដូសទី១នៅឡើយនោះទេ ដូចនេះតាមបណ្តាសង្កាត់និងប៉ុស្តិ៍នគរបាលត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀត ក្រែងលោកាលពីចាក់លើកមុនៗអាចអ្នកខ្លះមានជំងឺ ឬមានផ្ទៃពោះនោះមិនទាន់បានចាក់។ ទាំងនេះគឺជាការមានប្រសាសន៍លើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយនានាក្នុងរាជធានីភ្នំពេញ តាមវីដេអូ Zoom ដែលមានការចូលរួមពីលោកអភិបាលរង លោកនាយករង លោកអធិការខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ទាំង៥ លោកមេប៉ុស្តិ៍នៃសង្កាត់ទាំង៥ ព្រមទាំងការិយាល័យពាក់ព័ន្ធក្នុងខណ្ឌព្រែកព្នៅផងដែរនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

   លោកអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍បន្ថែមថា ចាប់ពីចេញសេចក្តីជូនដំណឹងនេះតទៅ គ្រប់ជាតិសាសន៍ដែលរស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយនានាក្នុងរាជធានីភ្នំពេញ ព្រោះបើក្នុងអាហារដ្ឋាន ឬទីតាំងអាជីវកម្មណាមួយដែលមានអ្នកចាក់វ៉ាក់សាំងបានទាំងអស់គ្នាហើយនោះ គឺយើងមានទំនុកចិត្តច្រើន តែយ៉ាងណាក៏កុំភ្លេចនូវវិធាន៣កុំ និង៣ការពារផងដែរ។

លោកសុខ សម្បត្តិ បន្ថែមថា ម្ចាស់គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយនានា និងប្រជាពលរដ្ឋគ្រប់រូបបើមិនអនុវត្តតាមនូវសេចក្តីណែនាំទាំងនេះទេអាចនិឹងមានទោស។ ដូចនេះសង្កាត់ទាំង៥ រួមទាំងមេប៉ុស្តិ៍ មេភូមិត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូបតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានដឹងទាំងអស់គ្នា៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖