ព័ត៌មានទាន់ហេតុការណ៍៖

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមថយចុះយ៉ាងខ្លាំងជាសញ្ញាដ៏ល្អសម្រាប់បើកទ្វារសេដ្ឋកិច្ចវិញ

ចែករំលែក៖

នៅយប់ថ្ងៃទី១២ខែតុលា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា មានករណីឆ្លងកូវីដ-១៩ ចំនួន២.៩៤៩នាក់ប៉ុណ្ណោះ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ ការរកឃើញនោះគឹស្ថិតនៅខេត្តក្រុងចំនួន ៤៣ទូទាំងប្រទេសវៀតណាម។ នេះជាករណីឆ្លងទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ២ខែកន្លងមក ។
ការរកឃើញករណីវិជ្ជមានកូវីដ-១៩ ក្នុងប្រទេសវៀតណាម គឺទាបជាងថ្ងៃទី១១ខែតុលា ដល់ទៅ៦៧៨នាក់ ។ ជាមួយគ្នានេះក៏មានអ្នកជំងឺព្យាបាលជាសះស្បើយវិញ ជាង១៣០០នាក់ផងដែរ។
ការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍នៃប្រទេសវៀតណាមលើកទី៤ កើតឡើងនាថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ហើយបានអូសបន្លាយរហូតមកទល់ពេលនេះ ។ ក្នុងរយៈពេលពីថ្ងៃទី២៧ខែមេសាមក វៀតណាមមានករណីឆ្លងដល់ទៅជាង៨៤១ពាន់នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៧៨៣ពាន់នាក់ផងដែរ។
នៅថ្ងៃទី១១ខែតុលា វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅ ជាង១លានដូសក្នុងមួយថ្ងៃ។ ដូច្នេះចំនួនវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋគឺមានដល់ទៅជាង ៥៥លានដូស ក្នុងនោះអ្នកចាក់បានមួយដូស មានជាង៣៩លាននាក់ និងអ្នកចាក់បានពីរដូស ជាង១៦លាននាក់៕ ដោយ៖ធីរីណា

ប្រភពរូបថត៖Vietnamnet.vn


ចែករំលែក៖