ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសូមបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អំពីបញ្ហាដីធ្លីនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមតាប។
ព័ត៌មានលម្អិតសូមអានសេចក្តីបំភ្លឺដូចមានភ្ជាប់មកជាមួយខាងក្រោម ៖
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook)គណនីឈ្មោះ ង៉ែត ភារៈ បានលើកឡើងជាមតិក្នុងគណនីរបស់ខ្លួនដោយបានសរសេរថា “ខ្ញុំបាទ និងក្រុមគ្រួសារមានរឿងអយុត្តិធម៌សូមសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ជួយរកយុត្តិធម៌ ដល់ក្រុមគ្រួសារខ្ញុំបាទផង ដីគ្រួសារខ្ញុំបាទមានច្បាប់ត្រឹមត្រូវហេតុអ្វីបានជាអាជ្ញាធរខេត្តសៀមរាប មិន ចេញប្លង់រឹងអោយគ្រួសារខ្ញុំ រីឯដីដែលនៅលើចំណីផ្លូវបែរជាមានប្លង់ទៅវិញ សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយរកយុត្តិធម៌អោយក្រុមគ្រួសារខ្ញុំបាទផង”។
ពាក់ព័ន្ធនឹងការលើកឡើងរបស់គណនីហ្វេសប៊ុក(Facebook)ឈ្មោះ ង៉ែត ភារៈ ខាងលើនេះ រដ្ឋបាលខេត្តសៀមរាប សូមបញ្ជាក់ថាទីតាំងដីស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលកន្លងមកត្រូវបានកំណត់ជាតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយធ្វើការ វាស់វែង ប្រមូលទិន្នន័យក្បាលដី ដើម្បីពិនិត្យ និងរៀបចំកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ អូរ ប្រឡាយឱ្យបាន សមស្របតាមការរៀបចំដែនដី និងនគរូបនីយកម្ម។ បន្ទាប់ពីបានពិនិត្យ និងរៀបំចំដើម្បីកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ អូរប្រឡាយរួចមក គណៈកម្មការរដ្ឋបាល បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យស្របតាមនីតិវិធីច្បាប់ជាធរមាន។ ចំពោះគណនីហ្វេសប៊ុក(Facebook)ឈ្មោះ ង៉ែត ភារៈ ដែលបានលើកឡើងជាមតិក្នុងគណនីរបស់ខ្លួន រដ្ឋបាលខេត្តសៀមរាប ដែលមានគណៈកម្មការរដ្ឋបាល ជាយន្តការពិនិត្យ និងសម្របសម្រួលដោះស្រាយ បានធ្វើការប្រជុំពិនិត្យស្រាវជ្រាវករណីនេះ ក្រោយទទួល បានសំណើតវ៉ាខាងលើនេះឃើញថា ក្បាលដីឈ្មោះ ង៉ែត ងីម ដែលបានអះអាងថាជាដីរបស់ខ្លួន ហើយ កន្លងមកធ្លាប់បានធ្វើការបិទច្រកផ្លូវនេះ ដើម្បីកាន់កាប់ក្នុងពេលនោះមានបាតុភាពតវ៉ាយ៉ាងខ្លាំងពី ប្រជាជនជាច្រើនគ្រួសារ ហើយអាជ្ញាធរក្រុងសៀមរាប បានចុះធ្វើការសម្របសម្រួលឱ្យគាត់ធ្វើការរុះរើ បើកច្រកផ្លូវនេះឡើងវិញ។ ករណីនេះ អង្គប្រជុំគណៈកម្មការរដ្ឋបាល បានឯកភាពសម្រេចដោយពុំធ្វើ ការចុះបញ្ជីដីនៅលើទីតាំងដីដែលស្នើសុំចុះបញ្ជីនេះទេ ដោយផ្អែកតាមការស្រាវជ្រាវអំពីសាវតាទីតាំងដី នៃការកាន់កាប់ និងដោយមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋនាពេលកន្លងមកថា ទីតាំងនេះ គឺជាផ្លូវ សាធារណៈ ហើយត្រូវបានឈ្មោះ ង៉ែត ងីម យកទីតាំងដីនេះសម្រាប់ធ្វើជាកន្លែងផ្ញើកង់ ម៉ូតូ ដែលបម្រើ ឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធររហូតមកដល់បច្ចុប្បន្នកំពុងបន្តជា កន្លែងផ្ញើកង់ ម៉ូតូដដែល។
អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា