ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញគ្រាប់បែកដៃក្រឡាទៀប ០១គ្រាប់ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ បានប្រទះឃើញគ្រាប់បែកដៃក្រឡាទៀប១គ្រាប់កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រួចបានរាយការណ៍ប្រាប់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ឲ្យចុះទៅត្រួតពិនិត្យជាបន្ទាន់។

 មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាលបានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងជំនាញបានចុះទៅដល់កន្លែងចម្ការស្ថិតនៅចំណុចក្រុមទី៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ក៏បានប្រទះឃើញគ្រាប់បែកក្រឡាទៀប ០១គ្រាប់នេះ ជាគ្រាប់បែក ផលិតនៅប្រទេសសូវៀត ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម និងច្រែសចាប់តែនៅមានគុណភាពនៅឡើយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកនគរបាលស្រុកបាណន់ តែងតែធ្វើចលនាបំផុសដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈពេលដែលពួកគាត់បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាលឬអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយភ្លាមៗជាក់ស្តែង។ដោយហេតុនេះហើយទើបបងប្អូនយល់ដឹងពេលឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះម្តងៗតែងរាយការណ៍ប្រាប់សមត្ថកិច្ចក្នុងមូលដ្ឋានជាប់ជានិច្ច ទោះជាកន្លងមកមានប្រជាពលរដ្ឋខ្លះទទួលរងគ្រោះថ្នាក់ តាមរយៈការភ្ជួរដីឬបានប៉ះពាល់ដោយខ្វះការប្រុងប្រយ័ត្នក៏ដោយ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបាណន់បានផ្តល់ព័ត៌មាននេះជូនទៅអង្គភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ CMAC ដើម្បីជ្រាប និងចាត់ចែងតាមជំនាញដើម្បីទៅយកគ្រាប់បែក១គ្រាប់នេះទៅរក្សាទុកនិងរង់ចាំកម្ទេចចោលពេលក្រោយ៕


ដោយ ៖ ប្រាថ្នា


ចែករំលែក៖