ក្រុងប៉ោយប៉ែត៖ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៩១១សិលាខ្មែរ សហការជាមួយកម្លាំងយោធារួមគ្នាទប់ស្កាត់ពលករខ្មែរប្រុស ស្រីចំនួន៤២នាក់ ក្នុងនោះមានស្រី២១នាក់ និង កុមារីចំនួន០៣នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃនាវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងក្រោយប៉ុស្តិ៍ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពពីមន្រ្តីនគរបាលការពារព្រំដែនបានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកមេបញ្ជាការរបស់ខ្លួន កម្លាំងប៉ុស្តិ៍ចំនួន០៨នាក់ ដឹកនាំដោយលោក ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធា បានចេញទៅធ្វើការទប់ស្កាត់ ពលករខ្មែរ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើ នៅក្រៅប្រទេស បានចំនួន៤២នាក់ ខាងលើនេះ។
ពលករទាំងអស់ ក្រោយពីសួរនាំតាមនីតិវិធីរួចរាល់ និងដោយទទួលបានបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងប៉ុស្តិ៍ បានបញ្ជូនពួកគាត់ ទៅកន្លែងក្រុមការងារចម្រុះដើម្បីធ្វើតេស្តនិងពិនិត្យសុខភាពនៅច្រកអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ។
លោកមេបញ្ជាការក៏បានអំពាវនាវសូមបងប្អូនចូលរួមអនុវត្ត ៣កុំ ៣ការពារ តាមវិធានការក្រសួងសុខាភិបាល។សូមឈប់លួចឆ្លងដែនខុសច្បាប់ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះតំបន់មួយចំនួននៃព្រំដែននៅសេសសល់គ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឡើយ៕
ដោយ ៖ វណ្ណា