ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែមានរថយន្ត ១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ដែលបើកបរពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ បានបើកឆ្លងផ្លូវដែកដោយមិនមានការដាក់បារាសបញ្ជាឱ្យឈប់ ក៏ត្រូវរថភ្លើង ០១គ្រឿងដែលបើកក្នុងទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញបុកនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ករណីខាងលើបណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ មានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ហើយក្នុងរថយន្តនេះមិនមានអ្នករួមដំណើរនោះទេ ។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះរថភ្លើងបានបន្តដំណើរទៅមុខទៀតបាត់ទៅ៕
ដោយ៖ សូរិយា