ភ្នំពេញ៖ ចំណាប់អារម្មណ៍របស់លោក Keisuke Honda គ្រូបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយការប្រកួតជើងទី២ ជាមួយក្រុមជម្រើសកោះហ្គាំ ក្នុងពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff, លោកថា, “ទាំងអស់គ្នាដេីម្បីកម្ពុជា”។
លោក Keisuke Honda បានសរសេរថា, ថ្ងៃនេះយើងឈ្នះយើងអាចអបអរជ័យជំនះនេះ ប៉ុន្តែសូមកុំមានអារម្មណ៍ ថាយើងគ្រប់គ្រាន់ ឬពេញចិត្តជាមួយនឹងលទ្ធផលឈ្នះហ្គាំនេះ ព្រោះ យើងមិនទាន់ឈ្នះប្រទេសខ្លាំងៗក្នុងតំបន់នៅឡើយទេ។
លោកបន្តថា, យើងទាំងអស់គ្នាគួរមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនឲ្យប្រសើរជាងនេះ ទើបយើងអាចប្រកួតប្រជែង ជាមួយប្រទេសផ្សេងៗបាន។
យើងត្រូវចេះគ្រប់គ្រងខ្លួនឯង អ្នកទាំងអស់គ្នាអាចអបអរថ្ងៃនេះ ហើយថ្ងៃស្អែកយើងត្រូវគិត និងរៀបចំខ្លួន បន្ទាប់ទៀត។
លោក Keisuke Honda បានលើកឡើងថា, ខ្ញុំក៏សូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាករយើង ដែល បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពសម្រាប់ការប្រកួតនេះ ទោះបីជា យើងមានបញ្ហាប្រឈមជាច្រើន តែយើងអាចជំនះវាបាន។
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ៕
ដោយ ៖ សិលា