ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាកRANGE ROVER ក្នុងល្បឿនលឿន និងសង្ស័យស្រវឹងស្រាផងនោះក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មខ្ទាតទៅប៉ះនិងម៉ូតូហុងឌ្រីមមួយគ្រឿងដែលជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នារងរបួសស្រាល និងរងការខូចខាតបន្ថែមទៀត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោង ១រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ទល់មុខរោងចក្រអគ្គិសនីទី២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់វ័យប្រហែលជាង៣០ឆ្នាំ បេីករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH- 9998 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំនុចកេីតហេតុ ដោយសង្ស័យថាអ្នកបេីកបរ ស្រវឹង ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតទៅចំណីផ្លូវម្ខាងទៀត ជ្រុលទៅប៉ះនិងម៉ូតូហុងឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT- 9841 ដែលជិះដោយបុរសម្នាក់ក្នុងទិសពីជេីងទៅត្បូង បណ្តាលឲ្យដួលរងរបួសរលាត់ដៃជើងស្រាល រីឯម៉ូតូរងការខូចខាត វៀចជំពាស់ បែកក្បាំងចំហៀងខាងឆ្វេង ។
ចំពោះរថយន្តបង្កវិញបានរងការខូចខាត ផែ្នកខាងមុខចំហៀងខាងឆ្វេងនិងបែកកង់ទៅមុខលែងរួច ហើយអ្នកបេីកបររថយន្ត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។
ក្នុងករណីនេះដែរ ក៏មានតំណាងខាងរថយន្ត បានចេញមុខមកសម្របសម្រួលគ្នាជាមួយនិងខាងម៉ូតូ ដោយជួយចេញថ្លៃការជួសជុលនិងព្យាបាលរបួសចំនួន២០០ដុល្លារ បញ្ចប់រឿងជាមួយភាគីម៉ូតូ ។
ក្រោយពេលកេីតហេតុ ដោយសារតែប៉ះពាល់ទ្រូងផ្លូវជាសម្បត្តិរដ្ឋ មិនអាចដោះស្រាយនៅកន្លែងបានភ្លាមៗ រថយន្តបង្ករត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ