ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចជាឯកច្ឆន្ទនូវការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចជាឯកច្ឆន្ទនូវការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាដើម្បីជំរុញបន្ថែមនូវវឌ្ឍនភាពនិងភាពអាជីពនៃលីគកំពូលកម្ពុជា ឈានទៅមុខមួយកម្រិតទៀត។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមណែនាំសមាសភាពនាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាថ្មីនេះ គឺលោក សាតូសុី សៃតូ។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព”កាសែតនគរវត្ត”ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា  គំនិតផ្តួចផ្តើមដ៏សំខាន់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការធានានូវការអភិវឌ្ឍ និងភាពជោគជ័យសម្រាប់កីឡាបាល់ទាត់កម្ពុជានៅថ្ងៃអនាគតរួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

 នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា “នេះគឺជាយុគសម័យថ្មីមួយនៃបាល់ទាត់កម្ពុជា”។ បើយើងសម្លឹងមើលប្រទេសដែលមានបាល់ទាត់ឈានមុខគេនៅជុំវិញពិភពលោកគឺគេមានលីគអាជីពប្រកបដោយគុណភាពខ្ពស់រួមចំណែកដល់ភាពជោគជ័យរបស់ក្រុមជម្រើសជាតិនិងពង្រឹងប្រព័ន្ធអេកូបាល់ទាត់(Foot ball Ecosystem) បានកាន់តែប្រសើរទៀតផង។

លោកបន្តថា ខ្ញុំជឿជាក់ថា លោកសាតូស៊ី ដែលមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ ជាបុគ្គលមួយរូបដែលស័ក្តិសមបំផុតក្នុងការតម្រង់អនាគតរបស់ក្រុមហ៊ុនលឺគបាល់ទាត់កម្ពុជាដែលទើបបង្កើតថ្មីនេះនិឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធរបស់ យើងដើម្បីភាពជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យបាល់ទាត់កម្ពុជា។

លោក សាតូស៊ី នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាបានមានមតិថា “បានឃើញពីការផ្លាស់ប្ដូររបស់ បាល់ទាត់កម្ពុជាក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះវាគឺជាកិត្តិយសដ៏ធំធេងរបស់ខ្ញុំដែលបានចូលរួមក្នុងដំណើរនេះដើម្បីនាំមកនូវភាពរុងរឿងដល់បាល់ទាត់កម្ពុជា។ ខ្ញុំសូមសម្ដែងនូវសេចក្ដីអំណរគុណយ៉ាងក្រៃលែងចំពោះទំនុកចិត្ត និងភាពជឿជាក់ដ៏ធំធេងមកលើរូបខ្ញុំពី លោកប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ដំណើរឆ្ពោះទៅមុខក្នុងស្ថានភាពជំងឺរាតត្បាតនេះ អាទិភាពរបស់ខ្ញុំគឺ ការវាយតម្លៃឡើងវិញអំពីការរៀបចំលីគ ក្នុងនោះមានទាំងរចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រង និងសហការជាមួយក្លិបជាសមាជិកដើម្បីលើកកម្ពស់ និងពង្រឹងនៃប្រតិបត្តិការទូទៅនិងបង្កើនចំណងមិត្តភាពរបស់យើងក្នុងកិច្ចទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធដើម្បីរួមគ្នាផ្លាស់ប្ដូរនិងអភិវឌ្ឍន៍វិស័យ បាល់ទាត់របស់យើងប្រកបដោយចីរភាព និងនិរន្តរភាព។

ខ្ញុំប្តេជ្ញាចំពោះគម្រោងផែនការនេះ ហើយបានត្រៀមខ្លួនដើម្បីធ្វើការជាមួយក្លិបសមាជិកនិងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីនាំមកនូវភាពជោគជ័យបន្ថែមទៀតដល់បាល់ទាត់កម្ពុជា។

អំពីលោក សាតូស៊ី៖ 

លោក សាតូស៊ី ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបបាល់ទាត់បាសេឡូណា (FC Barcelona) ជាអនុប្រធាននៃការិយាល័យបេសកកម្មពិសេសនៅសមាគមកីឡាបាល់ទាត់ជប៉ុន (IFA) ជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទី ប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។

ថ្មីៗនេះ លោកសាតូស៊ី បានបង្កើតការិយាល័យតំណាងនៅប្រទេសជប៉ុន សម្រាប់ទីផ្សារ GMRដែលជាទីភ្នាក់ងារទីផ្សារកីឡាដែលមានឯកទេសក្នុងសកម្មភាពឧបត្ថម្ភសម្រាប់កីឡាអូឡាំពិក នៅទីក្រុងតូក្យូ។

លោកសាតូស៊ី ទទួលបានសញ្ញាបត្រច្បាប់ពីសកលវិទ្យាល័យ Keiko ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្មពីសាលាពាណិជ្ជកម្ម នៅប្រទេសអេស្ប៉ាញ៕

                                     

ដោយ ៖ សិលា


ចែករំលែក៖