ភ្នំពេញ៖ បើយោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC ជាមួយទិសស្លោកថា យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា កីឡារស់ក្នុងសន្ដិភាព SPORTS LIVE IN PEACE នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា លោក បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍នៅខេត្តព្រះសីហនុ ដែលគ្រោងធ្វើពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ទទួលបានជោគជ័យ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍នេះបានមានប្រសាសន៍ថា គោលដៅចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ ទូកក្តោងនៅចុងឆ្នាំ២០២១នេះ គឺដើម្បីឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកិត្តិយសរបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិនេះផងដែរ។ «តាមគោលការណ៍ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានដាក់គោលដៅនៃការរៀបចំប្រកួតកីឡាទូកក្ដោងអន្តរជាតិនៅអាស៊ីអាគ្នេយ៍នេះជាចលនាឬក៏ជាព្រឹតិ្តការណ៍មួយដើម្បីបំផុសដំណើរការឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លើគោលការណ៍នេះ យើងត្រូវបានគណៈកម្មការរៀបចំការប្រកួតរៀបចំឲ្យកាន់តែច្បាស់លាស់នូវតួនាទី ភារកិច្ចនៃគណៈកម្មការជំនាញនីមួយៗ»។
តាមគម្រោង ព្រឹត្តិការណ៍នេះនឹងមានប្រតិភូកីឡាករ មន្ត្រីបច្ចេកទេសអន្តរជាតិប្រមាណ១៥០នាក់ ដែលចំនួននេះយើងមានលទ្ធភាពក្នុងការគ្រប់គ្រងបានល្អ ទាំងការរៀបចំបដិសណ្ឋារកិច្ច ដែលផ្តោតលើការស្នាក់នៅ ហូបចុកបានយ៉ាងល្អ ដើម្បីជាកិត្តិយសជាតិយើង ដើម្បីជាការធ្វើការសាកល្បងរបស់យើងមកដែរ អ៊ីចឹងយើងធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវចំពោះការធ្វើបដិសណ្ឋារកិច្ចឲ្យទទួលបានជោគជ័យ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាវិធានការទប់ស្កាត់កូវីដ-១៩ផងដែរ។
លោក វ៉ាត់ ចំរើន បន្ថែមថា គណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងអាស៊ីអាគ្នេយ៍បានរៀបចំផែនការការងារ និងអ្នកទទួលខុសត្រូវលើផ្នែកជំនាញនីមួយៗ ហើយយើងនឹងបន្តបើកកិច្ចប្រជុំជារៀងរាល់ដើមសប្តាហ៍ ដើម្បីសម្រួចគោលដៅនៃការរៀបចំនេះឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ សហព័ន្ធកីឡាទូកក្តោងសិង្ហបុរីបានជួយរៀបចំលើផ្នែកបច្ចេកទេសជូនដល់ម្ចាស់ផ្ទះកម្ពុជា សម្រាប់ទីតាំងប្រកួតលើលំហសមុទ្រ ដែលព្រឹត្តិការណ៍នេះគឺស្របតាមគោលដៅយុទ្ធសាស្ត្រឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា សម្តេចប្រធាន CAMSOC បានសម្រចបង្កើតគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ខេត្តព្រះសីហនុ ឆ្នាំ២០២១ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយគណៈកម្មការនេះដឹកនាំដោយ លោកបណ្ឌិត ថោង ខុន, លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន៣រូប និងសមាជិក៦រូប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាច្រើនរូបនៃអនុគណៈកម្មការជំនាញ-លេខាធិការដ្ឋានសរុបចំនួន៦៕
ដោយ ៖ សិលា