ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានបង្ក្រាបករណីលួចដឹកជញ្ជូននូវសារធាតុញៀនឆ្លងដែនដោយខុសច្បាប់ ឃាត់ខ្លួនមុខសញ្ញាសង្ស័យ២នាក់និងដកហូតអាវុធខ្លី១ដើមព្រមទាំងសម្ភារមួយចំនួន។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នៅត្រង់ផ្លូវកែងចូលសាលាក្រុងបាវិត ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឡេ វ៉ាន់ថ អាយុ ១៨ឆ្នាំ ជនជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ ប៉ូ ប្រុសម៉ៅ អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
រួមទាំងវត្ថុតាងចាប់យកបានរួមមាន ៖
-កញ្ចប់សង្ស័យថ្នាំញៀនចំនួន ២១កញ្ចប់(ធំ) ទម្ងន់ ២០៥៧០,៧២ក្រាម (គិតទាំងសំបកវេចខ្ចប់)
-អាវុធខ្លីម៉ាកK54 ចំនួន ០១ដើម បង់ចំនួន ០១ និងគ្រាប់ចំនួន ០៨គ្រាប់
-ទូរស័ព្ទដៃចំនួន០២គ្រឿងនិងម៉ូតូម៉ាកក្លីកចំនួន ០១គ្រឿង។
ប្រភពបន្តថា កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបង្ក្រាបករណីលួចដឹកជញ្ជូននូវសារធាតុញៀនឆ្លងដែនដោយខុសច្បាប់ ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០២នាក់ ប្រុស ជិះម៉ូតូ ០១គ្រឿង (ម៉ាកឃ្លីក) មានកាបូបស្ពាយពណ៌ក្រហម និងមានស្បោងពណ៌ខ្មៅមានផ្ទុកអីវ៉ាន់ឈប់ចតក្នុងតូបលក់ដូរគ្មានម្ចាស់នៅត្រង់ផ្លូវកែងចូលសាលាក្រុងបាវិត ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានសួរនាំ និងត្រួតពិនិត្យកាបូបអីវ៉ាន់ តែជនសង្ស័យទាំងពីរនាក់ស្ទុះរត់បំរុងគេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់បាន និងធ្វើការឆែកឆេរកាបូប ជាមួយស្បោងពណ៌ខ្មៅឃើញមានដុំក្រាមសង្ស័យជាថ្នាំញៀនចំនួន ២១កញ្ចប់ ។
បច្ចុប្បន្នវត្ថុតាងសង្ស័យថ្នាំញៀនបានធ្វើការវេចខ្ចប់ចាក់រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតជាណ្តោះអាសន្ន រីឯជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងសាកសួរស្រាវជ្រាវ និងអនុវត្តបន្តតាមច្បាប់ ៕
ដោយ៖ យឹម សុថាន